ខេត្តឧត្តរមានជ័យ ÷ វិនាសកម្មព្រៃឈើនៅតែបន្តកើតគ្រប់ទីកន្លែងដោយសារតែមន្ត្រីគ្រប់ជំនាញបើកដៃឲ្យឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើចេញក្រៅប្រទេសតាមច្រកព្រំដែននានាជាសិសេស ច្រកទ្វារអន្តរជាតិអូរស្មាច់គឺជាច្រកទ្វារមួយក្នុងចំណោមច្រកទ្វារជាច្រើនទៀតក្នុងប្រទេសកម្ពុជា ។
ច្រកទ្វាអូរស្មាច ជាច្រកទ្វាអន្តរជាតិសម្រាប់ប្រជាពលរដ្ឋគ្រប់រូបចេញចូល ធ្វើដំណើរទៅប្រទេសថៃធ្វើការ ទៅមន្ទីរពេទ្យ និងធ្វើដំដើរកំសាន្ត។ល។ ដែលស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឡែកនាពេលថ្មីៗនេះមានប្រភពរាយការណ៍មកថា នៅច្រកអូរស្មាច់ គេសង្កេតឃើញថាមានរថយន្តសាំងយ៉ុងជាច្រើនគ្រឿងបានធ្វើការចរាចរដឹកជញ្ជូនផលអនុផលទៅលក់នៅប្រទេសថៃយ៉ាងគំហ៊ុក ខណៈមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងក្រុមឈ្មួញនិងមន្ត្រីជំនាញពាក់ព័ន្ធតាមច្រកព្រំដែន អូរស្មាច់ បានបើកដៃអោយក្រុមឈ្មួញដឹកផលអនុផលព្រៃឈើទៅលក់នៅប្រទេសថៃបានយ៉ាងរលូន ដោយពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។
ប្រភពបន្តថា ជារៀងរាល់ថ្ងៃមានរថយន្តសាំងយ៉ុងរាប់សិបគ្រឿងបានដឹកជញ្ជូនផលអនុផលព្រៃឈើ តាមច្រកអូរស្មាច់រីឯមន្ត្រីប្រចាំការនៅច្រកតម្រូវឲ្យបង់លុយឱ្យមន្ត្រីច្រកក្នុង ១ការ៉ុងធ្យូង ១០០បាត ស្មើរនិង១៧០០០រៀល អោយទៅមន្ត្រីជំនាញពាក់ព័ន្ធប្រចាំការនៅច្រកអូរស្មាច់ជាថ្នូរទៅនិងការបើកប៉ារ៉ាស់ឲ្យ ចូលទៅស្តុកទុកនៅស្តង់ធំមួយដែលស្ថិតនៅភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ(ប្រទេសថៃ)សម្រាប់បែងចែកលក់បន្ត។
ទោះជាយ៉ាងនេះក្តីមហាជនបានដាក់ជាសំណួរថា ចំពោះការនាំផលអនុផលព្រៃឈើចេញទៅលក់ក្រៅប្រទេសជាទង្វើខុសច្បាប់ដែររឺទេ? បើយោងតាមច្បាប់ស្តីពីព្រៃឈើមាត្រាទី៩៦- ៩៨ -៩៩ ត្រង់ចំណុចលេខ០៧ ជនណាដែលនាំចេញផលអនុផលព្រៃឈើដោយគ្មានអាជ្ញាប័ណ្ណ ត្រូវជាប់ពន្ធធនាគារចាប់ពី១-៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០លាន ទៅ១០០លានរៀល ចំពោះវត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ។
យោងតាមមាត្រា១០០ នៃច្បាប់ព្រៃឈើ សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរៈភូមិន្ទ រឺមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មផលអនុផលព្រៃឈើ និងធ្វើគ្រប់យ៉ាងផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវចាត់ទុក្ខជាបទល្មើសច្បាប់ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ពី១-៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លាន ទៅ១០០លានរៀល។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស សំណូមពរដល់ឯកឧត្តម មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ និងគោរពស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាទានមានវិធានការណ៍ចាត់កម្លាំងធ្វើអធិការកិច្ច ចំពោះអ្នកពាក់ព័ន្ធក្នុងការបើកច្រកអោយដឹកជញ្ជូនផលអនុផលព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋខាងលើនេះផងទាន ដើម្បីរក្សាធនធានធម្មជាតិរបស់ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង បើបណ្តែតបណ្ដោយបែបនេះតទៅទៀត សម្បត្តិធម្មជាតិទាំងនេះច្បាស់ណាស់ ប្រាកដជារលាយសាបសូន្យជាក់ជាពុំខានឡើយ ៕
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលធ្វើការបកស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្ដីពីអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ៕
0 Reviews:
Post a Comment