Monday, December 16, 2024

ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..

 


ខេត្តរតនគិរី ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃរាប់រយហិកតានៅចំណុចកន្ទុយនាគ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងគំហ៊ុក ខណៈមានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទៅធ្វើសកម្មភាពឈួសឆាយ និងផ្តួលរំលំដើមឈើធំៗ យ៉ាងរង្គៀល ដោយមិនដឹងថាទីតាំងឈួសឆាយខាងលើនេះ បានទទួលសិទ្ធិរឺច្បាប់អនុញ្ញាតអោយឈួសឆាយចេញពីស្ថាប័នពាក់ព័ន្ធណានោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ  ឆ្នាំ២០២៤នេះ ប្រភពប្រជាពលរដ្ឋដែលស្រឡាញ់និងចូលចិត្តធនធានធម្មជាតិ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ទីតាំងដែលគ្រឿងចក្រកំពុងតែធ្វើការឈួសឆាយខាងលើនេះ   ឮថាជារបស់អ្នកធំ មានលុយ មានអំណាច តែពួកគាត់មិនបានដឹងច្បាស់ថាជារបស់អ្នកណាឲ្យពិតជាក់លាក់នោះទេ ដោយសារតែពួកគាត់ជាប្រជាពលរដ្ដ្ឋធម្មតា។

 ទន្ទឹមនិងមានការឈួសឆាយនេះ គេសង្កេតឃើញថាដើមឈើធំៗ ដូចជាស្រឡៅ ផ្ចឹក សុក្រំ និងដើមឈើជាច្រើនប្រភេទទៀតត្រូវបាន កាត់ចុង កាត់គល់រួចត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ។ ប្រជាពលរដ្ឋទូរទាំងប្រទេសមានការងឿងឆ្ងល់ថា តើទីតាំងដែលកំពុងតែធ្វើការឈួសឆាយ យ៉ាងសកម្ម ជារៀងរាល់ថ្ងៃនៅចំណុចខាងលើនេះ ជាគម្រោងអ្វីអោយប្រាកដ ជារបស់ក្រុមហ៊ុនណាដែរ? ហើយទទួលបានច្បាប់ឈូសឆាយចេញពីស្ថាប័នពាក់ព័ន្ធណាខ្លះ? ជាគម្រោងវិនិយោគអ្វីទៅវិញ? បើសិនជាគម្រោងវិនិយោគនេះមានច្បាប់ ហេតុអ្វីបានជាដាក់ទីតាំងចំតែកន្លែងដែលមានព្រៃក្រាស់និងមានដើមឈើធំៗទៅវិញ? ចុះខ្វះអ្វីដីដែលរាជរដ្ឋាភិបាលលោកបានដកហូតពីក្រុមហ៊ុននានា ដែលបានប្រកាសក្ស័យធនរាប់មុឺនហិកតាទូទាំងប្រទេស ជាដីដែលស្អាតស្រាប់ តួយ៉ាងដីព្រៃអង់តែនក្នុងខេត្តកំពង់ធំ ដីទំនេរច្រើនណាស់ មិនពិបាកក្នុងការចំណាយច្រើនទៅលើឈ្នួល..? អត់យល់ទេសម័យនេះហើយនៅមានក្រុមហ៊ុនឈួសឆាយដីព្រៃទៀត បើអញ្ចឹងដដែលចាំបាច់អ្វី បង្កើតបរិស្ថាន បង្កើតមេព្រៃដើម្បីអ្វីទៅទាន?។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ស្នើរសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ពិសេសគោរពស្នើសុំដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទាន ចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យមើលទីតាំងឈួសឆាយដីព្រៃនៅចំណុចទីតាំងខាងលើនេះផងទាន ពីព្រោះទីតាំងខាងលើនេះមិនមែនជាដីព្រៃរិចរិលទេ សុទ្ធតែជាព្រៃស្រោង មានដើមឈើធំៗ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វព្រៃដែលជិតផុតពូជ និងផុតពូជបំផុត ៕ 

ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕









0 Reviews:

Post a Comment