Sunday, November 3, 2024

លោក ប្រាក់ សុខុន អញ្ជើញជាអធិបតីភាពក្នុពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខណ្ឌជ្រោយចង្វារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប របស់ខណ្ឌជ្រោយចង្វារ  ចំនួន១០៦នាក់ ស្រីចំនួន៥២នាក់នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានមានប្រសាន៍ស្វាគមន៍អបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកលោកស្រី អ្នកនាង កញ្ញា ក្នុងការចូលរួមជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយធំជាងគេ និងមានវ័យចំណាស់ជាងគេទាំងការដឹកនាំ និងកសាងប្រទេសជាតិកម្ពុជា។លោក លោកស្រី អ្នកនាង កញ្ញា មិនមែនជាអ្នកចុងក្រោយដែលចូលជាសមាជិកបក្សនាពេលនេះ គឺនឹងមានការចូលជាបន្តបន្ទាប់ច្រើនទៀតជារៀងរាល់ថ្ងៃ ព្រោះគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីប្រជាជន ដើម្បីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ផលប្រយោជន៍ប្រជាជន ។

លោក ប្រាក់ សុខុន ក៏បានពាំនាំមកនូវការ ផ្តាំផ្ញើ សួរសុខ ទុក្ខពី សំណាក់ សម្តេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច អនុប្រធានគណបក្ស ជូនដល់ លោក លោកស្រី អ្នកនាង កញ្ញា ដែលបានស្ម័គ្រចិត្ត មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ ឯកឧត្តម បានរំលឹកជូនអង្គពិធី ពិសេសសមាជិកដែលទើបចូលថ្មី អំពីប្រវត្តិ ស្នាដៃធំៗ ជាប្រវត្តិសាស្ត្រនិងគោលបំណង ឧត្តមគតិរបស់គណបក្ស ដែលបានខិតខំតស៊ូ ពុះពារ លះបង់គ្រប់បែបយ៉ាង រហូតធ្វើឲ្យប្រទេសមួយនេះក្លាយជាទឹកដីប្រកបដោយ សន្តិភាព ស្ថិរភាព ការរួបរួម ជាតិ ប្រជាធិបតេយ្យ និង នីតិរដ្ឋ ធ្វើឲ្យប្រជាជនបានរស់នៅដោយ សុខដុមរមនា កិត្យានុភាព ជាតិ ក៏ ត្រូវ បានស្តារ និងលើកកម្ពស់ឡើងវិញប្រកបដោយមោទនភាព។

លោក ប្រាក់ សុខុន បានសម្តែងនូវការអរគុណចំពោះការខិតខំរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌជ្រោយចង្វារទាំងមូល ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចូលរួមដោះស្រាយនូវទុក្ខលំបាករបស់ប្រជាជនក្នុងមូលដ្ឋាន ការការពារសុខសន្តិភាព និងសុវត្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម បានផ្តាំផ្ញើដល់សមាជិកដែលទើបចូលថ្មី សូមក្តាប់ឲ្យជាប់នូវកម្មវិធីនយោបាយដែលគណបក្សបានដាក់ចេញ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បាននឹងកំពុងអនុត្ត និងត្រូវចូលរួមពង្រីកប្រៀបឈ្នះរបស់គណបក្ស សម្រេចនូវយុទ្ធសាស្ត្ររបស់គណបក្សគ្រប់ការបោះឆ្នោត គឺ «ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោត» និង «សមាជិកគណបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក» ជាមួយគ្នានេះ ក៏សូមយកចិត្តទុកដាក់អនុវត្តនូវប្រការមួយចំនួនរួមមាន៖

១- ខិតខំរួមចំណែកជាមួយគណៈកម្មាធិការគណបក្ស ក៏ដូចសាខាគណបក្សដែលខ្លួនចូលរួមជីវភាព ដើម្បីបន្តកសាងពង្រឹងគណបក្សលើគ្រប់ផ្នែក គ្រប់វិស័យ អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស។

២- ប្រកាន់ខ្ជាប់នូវអត្តចរិត និងសីលធម៌ល្អប្រពៃ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់របស់រដ្ឋ គំរូក្នុងការគោរពវិន័យ អង្គការចាត់តាំងរបស់គណបក្ស គំរូល្អក្នុងជីវភាពរស់នៅ ដើម្បីពង្រឹងជំនឿ និងការគាំទ្ររបស់ប្រជាជន។

៣- ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីការពាររាល់សមិទ្ធផលរបស់សង្គមជាតិ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជ    រដ្ឋាភិបាល និងរាំងស្កាត់ឧបាយកល និងសកម្មភាពប្រទូសរ៉ាយនានារបស់ពួកប្រឆាំងជ្រុលនិយម។ គាំទ្រគោលការណ៍ដ៏ម៉ឹងម៉ាត់ដាច់ខាត ក្នុងការកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ។

៤- សូមលោក លោកស្រី អ្នកនាង កញ្ញា ចូលរួមសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សនៅមូលដ្ឋាន ដើម្បីធ្វើការងារចលនាកសាងពង្រីកសមាជិកគណបក្សថ្មីក្នុងមជ្ឈដ្ឋាន និងកម្លាំងនយោបាយនានាដែលសាមីខ្លួនធ្លាប់មានទំនាក់ទំនងគ្នា សំដៅពង្រីកថែមកម្លាំងគាំទ្រគណបក្សបន្ថែមទៀត ។

លោក បានគូសបញ្ជាក់ថា ទោះបីនៅក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារឲ្យបានជាដាច់ខាតនូវសន្តិភាព ការ ពារជាដាច់ខាតនូវរាល់សមិទ្ធផលនៃសង្គមជាតិ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង។ មានសន្តិភាព និងស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍដោយចីរភាព ប្រជាជនបានរស់នៅសម្បូរសប្បាយ សុខដុមរមនា ។

ជាទីបញ្ចប់ លោក បានជូនពរដល់សមាជិកអង្គពិធីទាំងសូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានគ្រប់ភារៈកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន៕

0 Reviews:

Post a Comment