Monday, August 5, 2024

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការផលិតភាពយន្តឯកសារ «សួស្តីកម្ពុជា» បានបង្ហាញអំពីបទពិសោធ និងលទ្ធផលដ៏អស្ចារ្យដែលទទួលបានពីការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា-ចិន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការផលិតភាពយន្តឯកសារ «សួស្តីកម្ពុជា» បានបង្ហាញអំពីបទពិសោធ និងលទ្ធផលដ៏អស្ចារ្យដែលទទួលបានពីការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា និងចិន ហើយបានឆ្លុះបញ្ចាំង អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលរបស់កម្ពុជា ជាប្រទេសពោរពេញដោយស្នាមញញឹម តាមរយៈទស្សនៈរបស់យុវជន នៃប្រទេសទាំងពីរ។

ខ្សែភាពយន្តឯកសារនេះ មិនត្រឹមតែបង្ហាញអំពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំពីបំណងប្រាថ្នានិងក្តីសង្ឃឹមដ៏មុះមុតរបស់កុមារ យុវជនកម្ពុជា និងចិន ក្នុងការថែរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងបន្តដល់យុវជនជំនាន់ក្រោយ ៗ ទៀត។

ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធភាពយន្តឯកសារ «សួស្តី កម្ពុជា» ដែលផលិតឡើងរួមគ្នាដោយទូរទស្សន៍ជាតិកម្ពុជា និង វិទ្យុ ទូរទស្សន៍ក្វាងស៊ី ប្រទេសចិន នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាភាពយន្តឯកសារ «សួស្តី កម្ពុជា» បានបង្ហាញអំពី «សកម្មភាពអ្នកសារព័ត៌មានវ័យក្មេងក្នុងការសិក្សាស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ឆ្នាំ ២០២៤»។ ភាពយន្តឯកសារ «សួស្តី កម្ពុជា» ផលិតឡើងរួម គ្នាដោយ ទូរទស្សន៍ជាតិកម្ពុជា និង វិទ្យុ និង ទូរទស្សន៍ ក្វាងស៊ី ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែជិតស្និតជាងពេលណាៗទាំងអស់ ដោយបានជំរុញប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល ត្រូវបានប្រសិទ្ធិនាមថាជា «មិត្តភាពដែកថែប»។ ពិសេសជាងនេះទៅទៀត រដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នា បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ តាមរយៈការរកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។ ទំនាក់ទំនងដ៏ស្អិតរមួតនេះ នាំមកនូវផល ប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងបានបង្កើតជាគំរូសម្រាប់ការកសាងរួមគ្នានូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដោយឈរលើឧត្តមប្រយោជន៍រួម និងការគោរពគ្នា ការយោគយល់គ្នា និងការជួយគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សង្ឃឹមថា ការចាក់បញ្ចាំងភាពយន្តឯកសារមួយនេះ នឹងឆ្លុះបញ្ចាំងពី អត្ថន័យនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែច្បាស់ និងជំរុញការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដើម្បីរឹងបណ្តឹងចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ តទៅមុខទៀត។

លោក Xia Yunhai អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ផ្សព្វផ្សាយអន្តរជាតិ នៃ ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មានប្រសាសន៍ថា កាលពីក្នុងខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ មាន “អ្នកសារព័ត៌មានវ័យក្មេង” ចំនួន ១៣នាក់ មកពីខេត្ត ក្វាងស៊ី ប្រទេសចិន បានបំពេញដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជា ដោយបានស្វែងយល់ពីប្រវត្តិសាស្ត្រ តាមរយៈការសម្តែងសិល្បៈបេតិកភណ្ឌវប្បធម៌អរូបី ដំណើរទស្សនៈកិច្ចសិក្សា និងទម្រង់ផ្សេងៗទៀតជាមួយកុមារ និងយុវជនកម្ពុជា។ ដូច្នេះការផលិតភាពយន្តឯកសារនេះឡើង បានបង្ហាញពីប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ប្រទេសប្រទេសទាំងពីរ និងភាវៈចម្រុះនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា និងប្រជាជនចិន តាមទស្សនៈរបស់កុមារ និងយុវជន បញ្ជាក់នូវក្តីសង្ឃឹម និងក្តីបំណងប្រាថ្នាដ៏ល្អរបស់យុវជនជំនាន់ក្រោយចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Xia Yunhai បានលើកឡើងថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមកនៃអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការនិងជាកត្តាចាំ បាច់នៃភាគីទាំងពីរដើម្បីចាប់ដៃគ្នាជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។ ខណៈទំនាក់ទំនងចិន-កម្ពុជា កាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេសទាំងពីរ កំពុងត្រូវពន្លឿនការអភិវឌ្ឍន៍ តាមរយៈការរួមគ្នាបង្កើត និងដំណើរការកម្មវិធីទូរទស្សន៍ «នាទីរឿងភាគចិន» និង«នាទីគំនូរជីវចលចិន»ដោយភាគីចិន និងកម្ពុជា ក៏ដូចជារួមគ្នាថត និងផលិតភាពយន្តឯកសារ និងរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន គឺបានពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងប្រជាជនទាំងពីរ។ ក្មេងជំនាន់ក្រោយពោរពេញដោយ ក្តីសង្ឃឹម ហើយភាពយន្តឯកសារតែងតែអាចរឹតចំណងមិត្តភាពនិងទាក់ទាញចិត្តមនុស្សបាន។ រាល់ការទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិ ការស៊ីជម្រៅរវាងចិន និងកម្ពុជា គឺប្រៀបដូចជាប្រភពទឹកហូរ ដែលធ្វើឱ្យដើមឈើមិត្តភាព ចិន-កម្ពុជា កាន់តែរីកធំធាត់បែកមែកលាស់ស្លឹកល្អ៕

0 Reviews:

Post a Comment