(កំពត)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅសាលមហាជនសាលាខេត្តកំពត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការដោះស្រាយវិវាទប្រសិនបើយើងចង់បានតែការឈ្នះ និងចាញ់ គឺមិនអាចដោះស្រាយបញ្ចប់នោះទេ ចូរបើកចិត្តឱ្យទូលាយទទួលយកដើម្បីបញ្ចប់បញ្ហា។
លោកអភិបាលខេត្ត បន្តលើកឡើងទៀតថា ការបញ្ចប់វិវាទមួយទៅបាន គឺតម្រូវឱ្យមានការទទួលយកនូវការពិត អ្នកខុសគឺទទួលខុស អ្នកត្រូវគឺទទួលត្រូវ ដោយមិនមានការបំពានទៅលើអ្នកដទៃ យករបស់គេត្រូវឱ្យគេវិញ។ ការចង់ឈ្នះចង់ចាញ់រវាងគ្នានឹងគ្នា នឹងធ្វើឱ្យការសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនអាចបញ្ចប់បាននោះទេ ដូច្នេះសូមបើកបេះដូង បើកចិត្តឱ្យទូលាយទទួលយកនូវការពិតអំពីខុស និងត្រូវ ហើយបញ្ហាវិវាទទាំងអស់ដែលត្រូវបានលើកយកមកដោះស្រាយ គឺត្រូវការចាំបាច់បំផុតនូវការចូលរួមទទួលយកនូវការពិត។
លោក ម៉ៅ ធនិន បានបន្តថា ប្រសិនបើយើងទាំងអស់គ្នា ដែលមានទំនាស់ ហើយគិតតែចង់យកឈ្នះ យកចាញ់ មិនគិតពីត្រូវឬខុសនោះ ការដោះស្រាយវិវាទនេះនឹងមិនទទួលបានជោគជ័យនោះទេ ដែលកត្តានេះ នឹងអូសបន្លាយពេលវេលា ហើយឆ្លងចូលទៅដល់ការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការ ធ្វើឱ្យបងប្អូនពលរដ្ឋទាំងអស់ខាតបង់ពេលវេលា និងការចំណាយផងដែរ។
លោកអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ដែលមានទំនាស់ ឬវិវាទជាមួយគ្នាត្រូវបើកចិត្ត បើកបេះដូងឱ្យទូលាយ អធ្យាស្រ័យគ្នាទៅវិញទៅមក ប្រសិនបើអ្នកយករបស់គេ ត្រូវប្រគល់ឱ្យគេវិញ ព្រោះប្រសិនបើយើងយករបស់គេឈឺចាប់ ហើយបើគេយករបស់យើង ក៏យើងឈឺចាប់ដូចគ្នា យើងជាខ្មែរដូចគ្នា រស់រានមានជីវិតក្រោយថ្ងៃកំណើតទី២ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដូចគ្នា ដូច្នេះយើងត្រូវចេះស្រឡាញ់ និងយោគយល់គ្នា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្ទាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ ពិសេសសម្តេចតែងតែដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាក។
ទន្ទឹមនឹងនោះ សម្តេចក៏បានបង្កើត និងរៀបចំឡើងនូវកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមគ្នាដោះស្រាយបញ្ជប់វិវាទរបស់ពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជៀសវាងការប្តឹងផ្តល់គ្នាទៅកាន់តុលាការ ដែលជាហេតុធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលា ព្រោះសំណុំរឿងនៅតុលាការមានច្រើន ពិសេសនោះគឺការខាតបង់នូវធនធានថវិកា។
សូមបញ្ជាក់ថា ខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ លោកអភិបាលខេត្ត បានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រមាណជិត ៣ពាន់ករណី ដោយលោកអភិបាលខេត្ត បានចុះទៅកាន់មូលដ្ឋានក្រុង-ស្រុកទាំង៩ ក្នុងខេត្ត ធ្វើការដោះស្រាយដោយផ្ទាល់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ មន្ទីរជំនាញពាក់ព័ន្ធ ហើយការដោះស្រាយត្រូវទទួលបានការសាទរ និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ៕
0 Reviews:
Post a Comment