Wednesday, June 12, 2024

ការហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនានេះ

  (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល បានអះអាងថា ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មានថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។

ឯកឧត្តមបន្តថា ពិធីសម្ពោធដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងត្រូវរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន, ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ដោយឡែកបើគ្មានអ្វីប្រែប្រួលទេ កម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប ចាប់ពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះ ហើរ ៧ជើងក្នុងមួយសប្តាហ៍។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។

កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។

នៅឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥លាន ១សែននាក់ កើនឡើង ១១៥% ធៀបនឹង រយៈពេល១២ខែឆ្នាំ២០២២ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

0 Reviews:

Post a Comment