Monday, June 3, 2024

ឯកឧត្តម ហេង សួរ និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា(AmCham) ប្តេជ្ញារួមគ្នាបង្កើនផលិតភាពការងារសម្រាប់ទាក់ទាញការវិនិយោគបន្ថែម

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Mr. Carsey Burnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Mr. Carsey Burnett បានពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមដើម្បីបង្កើនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មសំដៅធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែមានផលិតភាពខ្ពស់ ក្នុងការទាក់ទាញបាននូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមភាគីផងដែរថា ដើម្បីបង្កើនផលិតភាពការងាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការបំពេញតម្រូវការជូនវិស័យឯកជននោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋទាំងអ្នកមិនទាន់មានការងារធ្វើ និងអ្នកដែលកំពុងប្រកបការងារ អាចចូលសិក្សាបានតាមវេនសិក្សាដែលមានភាពបត់បែន។ 

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញការអភិវឌ្ឍជំនាញថ្មីៗនៅកម្ពុជាដែលទីផ្សារកំពុងត្រូវការបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យស្របទៅតាមតម្រូវការចាំបាច់ក្នុងទីផ្សារដែលកំពុងប្រកួតប្រជែង និងដើម្បីទាក់ទាញការវិនិយោគធំៗមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា គឺជាអ្វីដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលចង់បាន៕ 










0 Reviews:

Post a Comment