(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ និងត្រូវពង្រឹងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។
ការថ្លែងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ «START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត» និងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ ដោយរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។
ពិធីនេះដែរមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក Dr. Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្រ្តាចារ្យ Jean-Claude FAUCHER ដែលជាសាស្រ្តាចារ្យខាងផ្នែកទារក មកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Zurich ប្រទេសស្វីស ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសមាជិក សមាជិកានៃសមាគមគ្រូពេទ្យទារកកម្ពុជា សរុបចំនួន ១៨៨រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព។ មូលធនមនុស្សមានសុខភាពល្អ មានគុណភាពជីវិតខ្ពស់ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឲ្យកត់សំគាល់ពី ៣៧នាក់ ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០កំណើតរស់ក្នុងឆ្នាំ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល កក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាយើង ដូចតទៅ៖
*គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាយិកា គួរតែយល់ដឹងពីការសង្រ្គោះទារកក្រោយសម្រាលឱ្យបានគ្រប់ៗគ្នា ដោយមានការបណ្ដុះបណ្តាលដល់និស្សិតសុខាភិបាលមុនចូលបម្រើការងារ (Pre-Service Training) និងការបណ្តុះបណ្ដាលក្នុងពេលបម្រើការងារ (In Service Training)។
*ការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យផ្សេង គួរតែមានការសង្គ្រោះទារកឱ្យមានស្ថានភាពនឹងនរជាមុនសិន មុននឹងធ្វើការបញ្ចូន ហើយត្រូវធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យនោះ និងភ្ជាប់មកជាមួយនៅលិខិតបញ្ជូន ដែលបានបំពេញព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
*សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ គឺជាគ្រូបង្គោល ដើម្បីយកចំណេះដឹងនេះ ទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការចែករំលែកដល់សហភាតរៈ ដែលធ្វើការជាមួយគ្នា។
*ចំពោះវិស័យសាធារណៈ និងជាពិសេសវិស័យឯកជនដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសម្ភព ក៏ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល គ្រូពេទ្យ និងបុគ្គលិករបស់ខ្លួនឲ្យយល់ដឹងពីការសង្គ្រោះទារកនេះជាចាំបាច់។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យសុខាភិបាល ជាពិសេសសុខុមាលភាពទារកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ និងសូមជូនពរដល់អង្គសិក្ខាសាលាទទួលលទ្ធផលខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត និងសមាជិកនៃសមាគមគ្រូពេទ្យទារកកម្ពុជា នូវមេដាយ ចំនួន៣៨គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររយៈពេលកន្លងមក៕
0 Reviews:
Post a Comment