(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និងចាត់ទុកវិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ។
រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់លើកិច្ចបង្កើនការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ ដោយយោងតាមការចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី២ បានសម្រេចបង្កើតក្រសួងធនធានទឹក និងឧតុនិយម តាមព្រះរាជក្រមចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សន្និបាតរយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្នុងបំណងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបាន និងពិនិត្យបញ្ហាប្រឈមទាំងឡាយ ដើម្បីដាក់ចេញដំណោះស្រាយ និងលើកជាផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំ២០២៤។
សន្និបាតបានបើក និងដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក្នុងនីតិកាលទី៧នេះ។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួង ប្រធានមន្ទីរធនធាតុទឹក និងឧតុនិយមទូទាំងរាជធានី-ខេត្ត មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប តំណាងគណៈអភិបាលរាជធានី-ខេត្ត និងតំណាងក្រសួងពាក់ព័ន្ធផងដែរ។
តាមរយៈសន្និបាតនេះ មន្ត្រីជំនាញបានឡើងធ្វើបទបង្ហាញពីសមិទ្ធផលការងារលើសមត្ថកិច្ចរបស់ខ្លួន ហើយក៏បានលើកបង្ហាញបញ្ហាប្រឈមដែលបានជួបប្រទះផងដែរ។
ក្នុងពិធីបើកសន្និបាត លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាប្រកបដោយសុឆន្ទៈដ៏មុតមាំអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលការងារគួរជាទីរីករាយយ៉ាងច្រើនក្នុងឆ្នាំ២០២៣កន្លងទៅ។
ក្នុងពិធីបើកសន្និបាតនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកបង្ហាញសមិទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ជាពិសេសការកសាងប្រព័ន្ធធារាសាស្ត្រ។
ខាងក្រោមនេះ គឺជាសមិទ្ធផលការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រេចបានក្នុងឆ្នាំ២០២៣៖
+ លទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម៖
១៖ បង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងអភិបាលកិច្ចស្ថាប័ន ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រេចចំណាយ បាន ៩៩ភាគរយ នៃឥណទានសរុបប្រចាំឆ្នាំ។
២៖ ពង្រឹងការងារគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបានការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សំដៅធានាឱ្យបានសន្តិសុខទឹកសម្រាប់ប្រជាជនកម្ពុជា។
៣៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ត្រឹមឆ្នាំ២០២៣ កម្ពុជាមានប្រព័ន្ធស្រោចស្រពទូទាំង២៥ រាជធានី/ខេត្ត ចំនួន ២,៣៥២ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន៥៦ ខ្នាតមធ្យមចំនួន ១,១៦៦ និងខ្នាតតូចចំនួន ១, ១២២ និងអាងរក្សាទឹកខ្នាតធំចំនួន៨។
គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប នៅទូទាំងប្រទេសបានចំនួន ១៩៤៣,៩៩២ហិកតា ដែលមានកំណើនចំនួន ៣២,១២៣ហិកតា ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលសរុបចំនួន ២៩,៨០០គ្រួសារ ស្មើនឹង ១២៧,៨៩៥នាក់។
៤៖ ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រោះទឹកជំនន់ ក្រសួងបានជួសជុលទំនប់ទប់ស្កាត់ទឹកជំនន់ កាយប្រឡាយរំដោះទឹក ការពារច្រាំងទន្លេបាន ៦,៨២០ម៉ែត្រ សាងសង់ទំនប់ការពារទប់ស្កាត់ទឹកប្រៃ និង ជាពិសេសដំណើរការអនុវត្តគម្រោងប្រព័ន្ធដោះទឹកនិងបង្វែរទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។
៥៖ ដើម្បីត្រៀមបង្ការ និងជួយកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងធាតុអាកាស ក្រសួងបាន តាមដាន និងប្រមូលទិន្នន័យកម្ពស់ទឹកទន្លេមេគង្គ-ទន្លេសាប-ទន្លេបាសាក់ និងដៃទន្លេសំខាន់ៗមួយចំនួន និងធ្វើការព្យាករណ៍កម្ពស់ទឹកជាប្រចាំថ្ងៃនៅរដូវវស្សា និងប្រចាំសប្តាហ៍នៅរដូវប្រាំង ហើយបានធ្វើការការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ និងជូនដំណឹងបន្ទាន់ពីការប្រែប្រួល ធាតុអាកាស និងអាកាសធាតុរយៈពេលខ្លី មធ្យម និងរយៈពេលវែង។
៦៖ ក្នុងកិច្ចការសហប្រតិបត្តិការ ក្រសួងបានបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ដែលធ្វើការងារជាមួយនឹងវិស័យធនធានទឹកនិងឧតុនិយម ហើយបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង និងការអភិវឌ្ឍ ធនធានទឹក និងឧតុនិយម គិតត្រឹមឆ្នាំ២០២៣ មានគម្រោងធំៗគាំទ្រដោយថវិកាដៃគូអភិវឌ្ឍន៍ចំនួន៥ ក្នុងចំណោមគម្រោងចំនួន៧ ត្រូវបានបញ្ចប់ការសាងសង់ និងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៣៧២,៨៧៦ហិកតា។
៧៖ បានបន្តយកចិត្តទុកដាក់ កសាងសមសភាពយេនឌ័រ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងបានរៀបចំយន្តការសម្រាប់បង្កើតឱកាសដល់មន្រ្តីរាជការជាស្ត្រី ដែលមានសមត្ថភាពទទួលបាននូវតួនាទីធ្វើសេចក្តីសម្រេចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានដូចខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយផងដែរ។ បញ្ហាប្រឈមនោះដូចជា៖
១៖ ការវិនិយោគសាធារណៈប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍលើវិស័យធនធានទឹក និងព្យាករណ៍ឧតុនិយម ការផ្តល់ថវិកាលើការងារជួសជុល-ស្ដារឡើងវិញ និងសាងសង់ប្រព័ន្ធធារាសាស្ត្រ និងការការពារច្រាំងទន្លេ មិនទាន់អាចឆ្លើយតបបានទាំងស្រុងតាមតម្រូវការជាក់ស្តែងនៅឡើយ។
២៖ ការប្រែប្រួលអាកាសធាតុបាន ធ្វើឱ្យកើនឡើងគ្រោះទឹកជំនន់ និងរាំងស្ងួតជាញឹកញាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធការងារទឹក ប្រព័ន្ធជលសាស្ត្រ ធនធានទឹក និងតម្រូវការទឹក។
៣៖ ការគ្រប់គ្រងធនធានទឹកចម្រុះអន្តរវិស័យ រួមទាំងយន្តការគ្រប់គ្រងអាងទន្លេ ពុំទាន់បានអនុវត្តឱ្យបានទូលំទូលាយ និងមានលក្ខណៈស៊ីជម្រៅ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងខិតខំ បន្ថែមទៀត។
៤៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មាន ឧបករណ៍វាយតម្លៃសមត្ថភាពជំនាញមន្ត្រីបច្ចេកទេស និងបទដ្ឋានគតិយុត្តនានា ពុំទាន់ត្រូវបានរៀបចំនិងបង្កើតឡើងឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួយគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត និងការធ្វើផែនការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
៥៖ លិខិតបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក ពុំទាន់មានគ្រប់គ្រាន់ និងធ្វើបច្ចុប្បន្នភាពនៅឡើយ ដែលមិនទាន់ឆ្លើយតបទៅនឹងបទបញ្ញត្តិច្បាប់ដែលមាន និងការវិវឌ្ឍរបស់សង្គមជាតិ៕
0 Reviews:
Post a Comment