នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាតាមព្រះទីនាំងយន្តហោះពិសេស ទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤នេះតទៅ។
យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់ព្រះអង្គដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្តមានរបស់ព្រះអង្គ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា ទំនាក់ទំនងការទូតរវាងជប៉ុន និង កម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ មកម៉្លេះ។ ប៉ុន្តែទំនាក់ទំនងនេះបានជាប់គាំងនៅអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ដោយសារតែសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួចទំនាក់ទំនងប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មជាមួយនឹងការរឹតចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូ ដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមានប្រជាជនកម្ពុជាជាច្រើនបានចេញទៅសិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើនកំពុងរស់នៅប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង។ បន្ថែមពីនេះ កម្ពុជា និងជប៉ុន ជាប្រទេសដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដូចគ្នា ដោយរដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេសជប៉ុនក្នុងឋានៈជាភ្ញៀវរដ្ឋនៅឆ្នាំ១៩៥៥។ ខណៈជាង១០ឆ្នាំមុន ព្រះចៅអធិរាជជប៉ុន ទ្រង់ក៏យាងមកកាន់ទឹកដីកម្ពុជា គ្រួសាររាជវង្សកម្ពុជា និងរាជវង្សជប៉ុន មានទំនាក់ទំនងយ៉ាងល្អ ដែលក្លាយជាចំណែកមួយដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ជាមួយនឹងទំនាក់ទំនងការទូតនេះ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន មកជួយជួសជុល ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។
ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋ-សង្គម នៅកម្ពុជា ជាក់ស្តែង មានអ្នកវិនិយោគិនជប៉ុនជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជប៉ុន ក៏ជាប្រទេសធំមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាក់ស្តែងការស្ថាបនាស្ពានជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង ដែលជាស្ពានឆ្លងទន្លេធំៗនៅកម្ពុជា។
កម្ពុជា បានគាំទ្រគោលនយោបាយរបស់ជប៉ុន រួមទាំងនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញ ទៅមកលើឆាកអន្តរជាតិហើយតាមរយៈ ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសជប៉ុនជាថ្មីម្តងទៀតនេះនឹងនាំមកនូវផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យថែមទៀតសម្រាប់ប្រទេសទាំង២៕
0 Reviews:
Post a Comment