Thursday, March 28, 2024

អង្គសន្និបាតក្រសួងការបរទេស វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្តោតជាចម្បង លើការងារធំៗចំនួន៥

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថាន តំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។

អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្តោតជាចម្បង លើការងារធំៗចំនួន ៥៖

ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយក្រសួង បានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបានជោគជ័យក្នុងការនាំកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជាការចូលរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។

ចំពោះការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្តល់ការគាំទ្រ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន ៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។

ការងារទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានសម្រេចដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។

ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅជាតួអង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ ពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមនេះ។

ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើកស្ទួយ សេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្តែងសៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់ពីការឈ្នះពានរង្វាន់ Best Asian Cookbook និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។

និងការងារទី៥ គឺការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង ដោយក្រសួងបានពង្រឹង កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិវិធីរដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរតួនាទីដ៏ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។

ក្នុងពិធីនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការឆ្លើយតប បានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្ត្រីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់។ 





0 Reviews:

Post a Comment