(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។
ក្រសួងអធិការកិច្ច បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីបើកត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងអធិការកិច្ច៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្និបាតគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច, ម្យ៉ាង, ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាន នៅឆ្នាំមុនៗ និង ម្យ៉ាងទៀត, ស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅនៃវិស័យអធិការកិច្ច សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានកាន់តែប្រសើរ, ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច, ទាំងនៅកម្ពុជា, តំបន់ និងសកល។
* សម្តេចធិបតី សូមវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ។ ជាការពិតជោគជ័យទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែវាកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកបដោយភាពម៉ឺងម៉ាត់, ប្រាកដនិយម ក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យរួមគ្នាបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅនៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារ អធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៃភាពធន់ និងភាពរឹងមាំនៃវិស័យ នយោបាយ, សង្គម និងសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមអគ្គមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងរយៈពេលប្រមាណជាង ៤ ទសវត្សរ៍ កន្លងទៅនេះ ដោយបានកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ, ប្រែក្លាយកម្ពុជាដែលហែកហួរដោយសង្គ្រាមស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ, ពីប្រទេសដែលមានប្រព័ន្ធសុខភាពសាធារណៈទន់ខ្សោយ ទៅជាប្រទេសឯកត្តកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩, កាត់បន្ថយអត្រានៃភាពក្រីក្រពី ១០០% ក្រោយថ្ងៃរំដោះ មកនៅក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ១៩, ពីប្រទេសដែលចាប់ផ្តើមពីបាតដៃទទេនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទៅជាប្រទេស ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នូលធំរបស់រាជរដ្ឋាភិបាលទាំងនីតិកាលចាស់ និងនីតិកាលថ្មី គឺអភិបាលកិច្ចល្អ ពោលរៀបចំផ្ទះឱ្យស្អាតមុននឹងធ្វើការងារដទៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តូរឈ្មោះក្រសួងអធិការកិច្ច គឺជាការសម្រួចមុំតួនាទីរបស់ក្រសួងឱ្យកាន់តែមុតស្រួច ឈានទៅធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអភិបាលកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តន៍នៃអភិក្រមចំនួន៤ខាងដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចាត់ទុកក្រសួងអធិការកិច្ច ជាស្ថាប័នចាប់ចង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ជាការធ្វើឱ្យការអនុវត្តន៍ផែនការសកម្មភាពនានាមានប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារអធិការកិច្ចទទួលលទ្ធផលល្អប្រសើរ ត្រូវយកចិត្តទុកដាក់ទៅលើធនធានមនុស្ស យន្តការការងារ និងបទដ្ឋានគតិយុត្តិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកសាងច្បាប់អធិការកិច្ចឱ្យចេញជារូបរាងនៅឆ្នាំ២០២៤។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ កុំខ្លាច និងរត់គេចពីការងារធ្វើអធិការកិច្ច។
0 Reviews:
Post a Comment