ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដែល លោក បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
លោករដ្ឋមន្ដ្រី បានបន្ដថា សិស្សដែលបានចុះឈ្មោះចូលរៀនទទួលបាន ការសិក្សាដោយមិនបង់ថ្លៃ ការឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ការចុះកម្មសិក្សានៅតាមសហគ្រាស ក្រុមហ៊ុនរោងចក្រ ជាជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសទទួលបានការសមរម្យប្រាក់ចំណូលទាងទាត់។
បន្ថែមពីនេះ លោក ហេង សួរ បានបន្ដទៀតថា ការបណ្តុះបណ្តាលក៏បានផ្ដល់ឱកាសដល់បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលិកក្នុងប្រព័ន្ធ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដែលជាស្ពានទទួលបានការសិក្សាពេញមួយជីវិត ដោយរាប់បញ្ចូលកម្មវិធីផ្លាស់ប្ដូរជំនាញ បង្កើនជំនាញ និងលទ្ធភាពការងារ ទោះបីជាពួកគាត់មានការងារធ្វើក៏ដោយ ដើម្បីឱ្យការអនុវត្ដកម្មវិធីប្រកបដោយជោគជ័យ។
លោកបានបញ្ជាក់បន្ថែមថា វគ្គសិក្សាជំនាញវិជ្ជាជីវៈនេះ មិនមែនមានតែមួយវគ្គទេ គឺមានវគ្គបើកជាបន្ដបន្ទាប់រហូតទៅដល់១លាន៥សែននាក់ ឱ្យតែមានយុវជន ចូលរៀន ក្រសួងនឹងបន្ដបើក ដូច្នេះត្រូវធានាថា វគ្គនេះជោគជ័យ មានការងារធ្វើ និងវគ្គបន្ដទៀតកាន់តែជោគជ័យបន្ថែមទៀត។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ទុក្ខការលំបាកមួយឡែក ដោយផ្ដោតទៅលើការរៀន ផ្ដោតទៅលើជំនាញមួយពិតប្រាកដ ក្លាយទៅជាមនុស្សម្នាក់ ទោះបីមិនបានរៀនទៅដល់បរិញ្ញាបត្រ ប៉ុន្ដែបើមានជំនាញមួយពិតប្រាកដ ដែលកន្លែងណាក៏គេត្រូវការ ដូចពាក្យចាស់ពោលថា «ចេះដប់ មិនស្មើនឹងប្រសប់មួយ» ពាក្យដែល «ចេះ» សំដៅលើអ្នកទាំងឡាយណាដែលរៀនចប់វិទ្យាល័យ ចប់បរិញ្ញាបត្រ ចប់អនុបណ្ឌិត។ រីឯ ពាក្យ «ប្រសប់» មិនសំដៅទៅលើសញ្ញាបត្រខ្ពង់ខ្ពស់ទេ គឺពាក្យ ប្រសប់ សំដៅទៅអ្វីដែរ ចេះធ្វើ គឺយើងនេះឯង៕
0 Reviews:
Post a Comment