(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់អនុប្រធាន និងសមាជិក គ.ប.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន។ នៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា។
កិច្ចប្រជុំលើកដំបូងនេះ បានផ្តោតសំខាន់លើរបៀបវារៈចំនួន៣រួមមាន៖
*ទី១៖ ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ប.ក. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
*ទី២៖ មតិសំណេះសំណាល និងការណែនាំខ្លួន ដោយសមាជិក សមាជិការបស់ គ.ប.ក.
*ទី៣៖ ការធ្វើបទបង្ហាញចំនួន ៤ ដោយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ប.ក. លើ៖ ក៖ របាយការណ៍លទ្ធផលការងាររបស់ គ.ប.ក. និងលេខាធិការដ្ឋាននៃ គ.ប.ក. ដែលសម្រេចបាននាពេលកន្លងមក, ខ៖ អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ គ.ប.ក., គ៖ បទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. និងឃ៖ ផែនការសកម្មភាពរបស់ គ.ប.ក.។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងពិភាក្សាជារួមលើខ្លឹមសារនៃបទបង្ហាញទាំង ៤ខាងលើ ព្រមទាំងកំណត់ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ គ.ប.ក. និងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាន។ ទន្ទឹមនេះ អង្គប្រជុំក៏បានសម្រេច៖
*ទី១៖ ស្នើឲ្យលេខាធិការដ្ឋាន គ.ប.ក. ធ្វើការសិក្សាបន្ថែមលើការកែសម្រួលនូវប្រការពាក់ព័ន្ធមួយចំនួនក្រោមបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. ដើម្បីជំរុញនូវដំណើរការកិច្ចប្រជុំរបស់ គ.ប.ក. ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល
*ទី២៖ កំណត់កិច្ចប្រជុំបន្ទាប់នៅក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៤៕
0 Reviews:
Post a Comment