(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត និងគ្រោះទឺកជំនន់ ចំនួនជាង១ពាន់គ្រួសារ ក្នុងនៅស្រុកសំពៅលូន ១១៨គ្រួសារ និងស្រុកកំរៀង ១,៥០៨គ្រួសារ។
ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឲ្យក្រុមការងារចុះចែកអំណោយ និងផ្ដល់គ្រាប់ពូជស្រូវ ជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ រហូតមកដល់បច្ចុប្បន្ននេះ។
លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ មិនអាចបានយូរអង្វែងទេ តែគឺជាការសម្រាលបន្ទុកបានមួយរយៈពេលផងដែរ ហើយក្នុងនោះ បានធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើន ដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឲ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ៕
0 Reviews:
Post a Comment