អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំវិស័យឯកជនផងដែរ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។
អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍ដោយសន្តិភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។
យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រមទាំងការងារដទៃទៀត។
គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុងស៊ីអានប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីបអ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរពីទីក្រុងកំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវជាដើមទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។
រយៈពេល ១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិន ជាមួយប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលយ៉ាងធំធេង។ តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។
តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» នឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យមដោយសារការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជា មិនស្ទាក់ស្ទើរចំពោះការគាំទ្រគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» នោះទេ។ សម្តេចតេជោ បានមើលឃើញថា គំនិតផ្តួចផ្តើមនេះទាក់ទិនជាមួយ ការអភិវឌ្ឍដោយមិនទុកប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយនោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍ប្រទេសទាំងអស់។
សម្រាប់កម្ពុជា រយៈពេល១០ឆ្នាំកន្លងទៅនេះ ដោយឈរលើទស្សនៈពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងចែករំលែករួមគ្នា ចិន និងកម្ពុជា បានរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់បំផុត។ ការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលចាស់ បានបង្កើនភាពស៊ីជម្រៅយ៉ាងខ្លាំង។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ចិន បានជួយកម្ពុជាអនុវត្តន៍គម្រោងសុខុមាលភាពជាច្រើន ដូចជា ការអប់រំ ការថែទាំវេជ្ជសាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។
ក្រៅពីនោះតាមយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ចិន បានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ, វិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (បើកទទួលជើងហោះហើរលើកដំបូងនាថ្ងៃទី១៦ ខែតុលា) ព្រមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធបម្រើផ្នែកដឹកជញ្ជូនជាច្រើនទៀត រួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែតជាដើម។
ក្រៅតែពីការគាំទ្រដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធហើយនោះ កម្ពុជា និងចិន ក៏សម្រេចបាននូវការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានរហូតដល់ទៅជាង ១៤ពាន់លានដុល្លារអាមេរិក កើនប្រមាណ ១៩ភាគរយ បើទោះបីពិភពលោកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី។ ឆ្នាំ២០២២ កម្ពុជា និងចិន ក៏សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាការជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកធំឡើង។
តាមរយៈសមិទ្ធផលទាំងនេះ បង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនត្រឹមនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជាវិជ្ជមានដល់សន្តិភាពក្នុងតំបន់ផងដែរ៕
0 Reviews:
Post a Comment