Monday, September 18, 2023

កងទ័ពចំនួន១៤ប្រទេស បន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ជំរុញសាមគ្គីភាពដោះមីនក្របខណ្ឌអាស៊ានបូក

     

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញានេះ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងទ័ពចំនួន ១៤ប្រទេស​ ដែលកំពុងធ្វើលំហាត់​ហ្វឹកហ្វឺន​ដោះមីន​នៅលើទីលាន ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បូក ចិន អាមេរិច រ៉ុស្ស៊ី ជប៉ុន ​កូរ៉េខាងត្បូង ឥណ្ឌា ​និងអូស្ត្រាលី ក្រោមប្រធាន​បទ “មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ។

កងកម្លាំងជាសិក្ខាកាម ដែល​បានចូលរួម ​គឺបានបង្ហាញការចាប់អារម្មណ៍ និងទទួលបាន​បទពិសោធន៍ជាច្រើន ​ការងារដោះមីន​ជាមួយបណ្តាប្រទេសនានា ជាពិសេសចំណេះដឹង​ការវិវត្តថ្មីៗពីវិស័យមីន និងដឹងអំពីរបៀបដោះមីនមនុស្សធម៌ ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺន​នេះនឹងជំរុញបណ្តាប្រទេសរួបរួមគ្នា សាមគ្គីភាព ​បង្កើនសកម្មភាពដោះមីនមនុស្សធម៌ ក្នុង​ក្របខ័ណ្ឌអាស៊ាន បូក​ និងអង្គការសហប្រជាជាតិ។

នៅក្នុងវគ្គហ្វឹកហ្វឺនដោះមីន ​នៅលើទីលានចំការមីន​ រយៈពេល១០ថ្ងៃ​ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា លំហាត់ហ្វឹកហ្វឹនជំនាញដោះមីន និង​កម្ទេច​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូក ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះ ​និងចិនធ្វើជាសហប្រធានរៀបចំ​ គឺបានដំណើរយ៉ាងសកម្មភាព ហើយគ្រប់ភាគី​កងទ័ពបណ្តាប្រទេសនានា ​គឺបានផ្លាស់ប្តូរទស្សនៈ ​បទពិសោធន៍​ស្តីអំពីមីនឲ្យគ្នាទៅវិញទៅមក ការ​ប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាដោះមីនទំនើប ​ការធ្វើនវានុវត្តន៍ ​ដោះមីន និងការ​កម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺននេះ នឹងរួមចំណែកមួយ​យ៉ាងសំខាន់ ជួយកម្ពុជា​ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន​ នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា​ គិតចាប់ពីការបង្កើតសាលា​ហ្វឹកហ្វឺន​PKO ​នៅខេត្តកំពង់ស្ពឺនេះ ​គឺកម្ពុជា ធ្លាប់បាន​ទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់​ហ្វឹកហ្វឺន​ពហុសាសន៍រួមមាន៖ លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការរក្សា​សន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក ​មានប្រទេសចូលរួម​ចំនួន៩ប្រទេស រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ទីបញ្ជាការ ដែលជា​ការឧបត្ថម្ភរបស់គម្រោង​ GPOIចំនួន២៣ប្រទេសចូលរួម ​និងរៀបចំ ហ្វឹកហ្វឺន​ជំនាញបច្ចេកទេសប្រឆាំង​បន្សាបគ្រឿងផ្ទុះកែច្នៃ​ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់អាស៊ាន​និងតំបន់​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋបារាំង​ចំនួន​៥វគ្គ ​មានប្រទេស​ចូលរួម​សរុបចំនួន ១២ប្រទេស៕អត្ថបទ ស៊ុម សុខជា

0 Reviews:

Post a Comment