Wednesday, May 3, 2023

រដ្ឋមន្ត្រីពាណិជ្ជកម្ម រំពឹងទូតថ្មីរបស់កូរ៉េខាងត្បូង នឹងជំរុញឱ្យទំហំពាណិជ្ជកម្ម​កម្ពុជា-កូរ៉េខាងត្បូង កើនកាន់តែខ្ពស់


(ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូង នឹងជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង កើនឡើងកាន់តែខ្ពស់ថែមទៀត។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដែលទើបតែង​តាំងថ្មី នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានជជែក និងផ្លាស់ប្តូរ​យោបល់​ជា​ច្រើន​​លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលកូរ៉េខាងត្បូង តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម។

លោក ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់ លោកឯកអគ្គ​រដ្ឋ​ទូត ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការ​ជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះកំណើនពាណិជ្ជ​កម្ម​ទ្វេ​ភា​គី។ សមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់​ពីកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យភាគីទាំងពីរ ចាប់ផ្តើមពិភាក្សា និងត្រៀម​រៀប​ចំ​ការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មទ្វេភាគីបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីទាំងពីរសហការគ្នា​ក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រដល់ការរៀបចំវេទិកា​ធុរកិច្ច​កម្ពុជា​-កូរ៉េឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៣ នៅរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបន្តសហការរៀបចំវេទិកា​ធុរ​កិច្ចនេះ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីកូរ៉េ និងបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់​ទំនង​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

លោកឯកអគ្គរដ្ឋទូត ក៏បានគាំទ្រនូវអនុសាសន៍របស់លោករដ្ឋមន្ត្រី ក្នុងការទាញយក​ប្រយោជន៍​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែល​ភាគី​ទាំងពីរជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាព​មន្ត្រីជំនាញពាក់ព័ន្ធនានាជាដើម។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែ​ជួយ​គាំទ្រកូរ៉េលើបេក្ខភាពរបស់កូរ៉េក្នុងព្រឹត្តិការណ៍នានាកន្លងមក និងប្តេជ្ញាបង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េ និងបរទេស​មកវិនិយោគ​នៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបនោះលោក ប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានបញ្ជាក់ជា​ថ្មីនូ​វ​ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

0 Reviews:

Post a Comment