Thursday, May 18, 2023

បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប, កុំរង់ចាំដល់ពេលសន្តិភាពបាត់បង់ បានយើងឱ្យតម្លៃសន្តិភាព

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូខ្លីមួយ ដោយលើកឡើងថា សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប សូម កុំរង់ចាំដល់ពេលសន្តិភាពបាត់បង់ បានយើងឲ្យតម្លៃសន្តិភាពនោះ គឺត្រូវចងចាំពីគុណតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព ឱ្យបានជាដាច់ខាត។

តាមរយៈវីដេអូខ្លីដែលថ្លែងក្នុងកម្មវីធីសាធារណៈមួយនាពេលថ្មីៗនេះ លោកបណ្ឌិតបានលើកឡើងដូច្នេះថា «ពាក្យ អរគុណសន្តិភាព ប្រហែលជាយើងលឺ អ្នកខ្លះថាចង់ធុញណាស់ហើយ គេងទៅក៏យល់សុបិនដែរ តែពាក្យនេះសំខាន់ពេលណា គឺពេលដែលវាបាត់ សន្តិភាពដូចខ្យល់អុកស៉ីសែន យើងមើលមិនឃើញទេ តើក្រៅពីខ្លួនយើងអ្វីដែលមានតម្លៃជាងគេ ? អ្នកខ្លះថា រថយន្ត៥៧០ អ្នកខ្លះថាព្រះវិហារ ៣០ម៉ឺនដុល្លារ តែភ្លេចគិតអ្វីដែលកំពុងពឹងរាល់ពេលនោះ គឺខ្យល់អុកស៉ីសែន»។

លោកបណ្ឌិតបន្តថា «ខ្យល់អុកស៉ីសែន ជាអ្វីដែលយើងមើលមិនឃើញ តែផ្តល់ជីវិតឲ្យយើង សន្តិភាពដូចគ្នា ពាក្យមួយនេះយើងស្តាប់ដូចសាំណាស់ ក្នុងពេលដែលគ្មានសង្គ្រាមវាដូចជាពាក្យធម្មតា តែនៅពេលដែលពាក្យនេះបាត់ លោកតា លោកយាយធ្លាប់បានឆ្លងកាត់ហើយនៅសង្គ្រាមបានដឹងពីទុក្ខវេទនាហើយ [...] ពាក្យសន្តិភាពនេះ ទោះបីជាយើងលឺច្រើនយ៉ាងម៉េច យើងធុញក៏ដោយ តែសុំឱ្យតម្លៃសន្តិភាព កុំបាត់ទៅវិញ គឺត្រូវថែរក្សាសន្តិភាពនេះ កុំឱ្យសង្គ្រាមកើតឡើងទៀត»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាច្រើនលើកច្រើនសារមកហើយ ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវថែរក្សាសន្តិភាពរបស់កម្ពុជាឱ្យបានជាដាច់ខាត មានសន្តិភាព ទើបមានការអភិវឌ្ឍ៕

0 Reviews:

Post a Comment