Thursday, March 2, 2023

សម្តេចតេជោជំរុញការបង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដើម្បីជំរុញ វិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន


 រាជធានីភ្នំពេញ: ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈដល់ក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ កាលពីថ្ងៃទី០២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន សម្តេចតេជោបានផ្ដល់នូវទស្សនៈសំខាន់ៗមួយចំនួន ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាភាគីពាក់ព័ន្ធត្រូវបង្កើនការអភិវឌ្ឍ មូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត។

សម្តេចតេជោ បានបន្តថា តាមរយៈការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។

សំឡេង « ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។

ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្របសម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច »៕ អត្ថបទ៖ លោក យី វិច្ឆិកា, សម្រួលការផ្សាយដោយ៖ដារ៉ា

0 Reviews:

Post a Comment