Friday, March 17, 2023

រដ្ឋមន្ដ្រីសុខាភិបាល ជំរុញដល់មន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូ រួមគ្នាជម្នះដោះស្រាយចំណុះខ្វះខាត ដើម្បីឈានទៅបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០

 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញលើកទឹកចិត្ដដល់មន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូ បន្ដរួមសហការគ្នាបន្ថែមទៀត ជម្នះដោះស្រាយនូវចំណុចខ្វះខាត ហើយពង្រឹងចំណុចខ្លាំងឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ដើម្បីឈានទៅបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។

ការថ្លែងដូច្នេះរបស់លោកសាស្រ្ដាចារ្យ ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៦ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។

លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា ក្នុងឆ្នាំ២០២៣នេះ ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវរកអ្នកជំងឺរបេង គ្រប់សណ្ឋានឱ្យបានយ៉ាងតិច ៣៣,០០០ករណី និងសូមបន្ដរក្សាឱ្យបានអត្រាព្យាបាលដោយលើសពី៩០% ។

ដូច្នេះ «យើងត្រូវរួមសហការគ្នា ជម្នះដោះស្រាយនូវរាល់ចំណុចខ្វះខាតទាំងនេះ ហើយពង្រឹងចំណុចខ្លាំងឱ្យកាន់តែមានលក្ខណៈប្រសើរឡើង រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង ដែលជាគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ពិសេសការស្រាវជ្រាវអ្នកជំងឺរបេងឱ្យទាន់ពេលវេលា និងតាមផែនការដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព នាដំណាច់ឆ្នាំ២០៣០ ជាស្ថាពរ និងគោលដៅនៅបណ្ដាឆ្នាំបន្ដ»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញឱ្យការស្រាវជ្រាវ និងព្យាបាលជំងឺរបេងដល់ក្រុមមានហានិភ័យខ្ពស់ មានជាអាទិ៍ ការងាររបេង-អេដស៍ របេងពន្ធនាគារ របេងកុមារ របេងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម និងរបេងក្នុងចំណោមមនុស្សចាស់ ។ពិសេសត្រូវរៀបចំពង្រឹង និងពង្រីកឱ្យបានប្រសើរឡើងថែមទៀត ក្នុងការងារប្រយុទ្ធនឹងជំងឺរបេង សុំានឹងឱសថ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសជំរុញលើកទឹកចិត្ដយ៉ាងណាឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំរបេងឱ្យបានត្រឹមត្រូវ និងរហូតដល់ចប់។

ជាពិសេសត្រូវរក្សាឱ្យបានដំណើរការសកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេងនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងពង្រីកថែមទៀត ដូតស៍សហគមន៍ ដែលជាសកម្មថែទាំព្យាបាលជំងឺនៅជិតផ្ទះ អ្នកជំងឺបំផុត និងពង្រឹងថែមទៀត កិច្ចសហប្រតិបត្ដិការជាមួយដៃគូលំដាក់ថ្នាក់ និងជំរុញថែមទៀត ការកៀរគរធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធីសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្ដ ដែលក្នុងនោះរាប់ទាំងអ្នកផ្ដល់ជំនួយដែលមានស្រាប់ និងខិតខំកៀរគរធនធានពីអ្នកផ្ដល់ជំនួយថ្មីៗថែមទៀត ។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២២កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលល្អរបស់មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់ រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបានអត្រាព្យាបាលជោគជ័យបាន ៩៥.៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%។

បើតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២២ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម២១ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

បើផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយអង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១កន្លងមកនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥៕


0 Reviews:

Post a Comment