(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងបើកកិច្ចប្រជុំដោយគូសបញ្ចាក់ថា ប្រទេសកម្ពុជា មានសន្តិភាព ហើយសេវាសន្តិសុខ សុវត្ថិភាព គឺជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីមុខរបរការងារ ភាពសុខសាន្ត និងកំណើនជីវភាព។ ដោយផ្អែកលើស្ថានភាពគ្រប់គ្រងរដ្ឋបាលនៅចន្លោះដំណាក់កាលនីមួយៗ មានការវិវឌ្ឍក្រោយពីវិបត្តិកូវីដ-១៩។
លោកបន្ដថា ខេត្តព្រះសីហនុ មានបញ្ហាប្រឈមមួយចំនួនគួរឲ្យកត់សម្គាល់ដូចជា បទល្មើសគ្រប់គ្រងជនបរទេស ការគ្រប់គ្រងមុខរបរអាជីវកម្ម ពិសេសល្បែងស៊ីសងខុសច្បាប់ បទល្មើសទាំងនេះ បង្កផលប៉ះពាល់ជាអវិជ្ចមានដល់ការអភិវឌ្ឍ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ធុរកិច្ច និងភ្ញៀវទេសចរ។ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គមឲ្យបានល្អ ពិសេសការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងកិច្ចគាំពារវិនិយោគិនបរទេស ព្រមទាំងលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ។
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការជំរុញការផ្សព្វផ្សាយណែនាំ ឲ្យបានទូលំទូលាយគ្រប់គោលដៅ បញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានទាក់ទងការធានាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម ពិសេសការប្រកបអាជីវកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍។ល។
ក្នុងនោះ ត្រូវពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីភាពជាម្ចាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម សកម្មភាពឧក្រិដ្ឋជាអាទិ៍ បទឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសប្រើប្រាស់អាវុធជាតិផ្ទុះ ការជួញដូរមនុស្ស បទល្មើសបង្ខាំង-ជំរិត បទល្មើសបច្ចេកវិទ្យា (ឆបោកអនឡាញ) បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ មានភាពល្អ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានដាក់ចេញនូវវិធានការឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមមាន មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវលើកកម្ពស់ការរក្សាសណ្តាប់ ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ពិសេសការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងមុខរបរយានយន្តគ្រប់ប្រភេទ ឲ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ឲ្យមានរបៀបរៀបរយ និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា វិធានការអប់រំផ្សព្វផ្សាយដល់មហាជន ធុរជន ភ្ញៀវទេសចរឲ្យយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ និងចូលរួមចំណែកពង្រឹងវិធានការសន្តិសុខ សុវត្ថិភាពសង្គម ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោកបន្ដថា ដើម្បីឆ្លើយតបបានទាន់ពេលវេលាដល់បញ្ហាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ព្រមទាំងជំរុញឲ្យមានការចុះបញ្ជីហត្ថពលករបរទេសនៅតាមគោលដៅអាជីវកម្ម សេវាកម្ម សហគ្រាស រោងចក្រ ការដ្ឋាន កាស៊ីណូ សណ្ឋាគារ ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់របស់កម្ពុជា ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍។ អាជ្ញាធរ សមត្ថកិច្ចក្រុង ស្រុក ត្រូវជំរុញការចុះបញ្ជីគោលដៅអាជីវកម្ម សេវាកម្ម កន្លែងចងការប្រាក់ ប្តូរប្រាក់ និងកន្លែងសប្បាយ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវសំដៅបញ្ចៀសការកកស្ទះ និងភាពអនាធិបតេយ្យ។
បន្ថែមពីនេះ ត្រូវមានវិធានការស្រាវជ្រាវបទល្មើសឆ្លងដែន ពិសេសសកម្មភាពភេរវកម្ម ការសម្អាតប្រាក់ ការជួញដូរអាវុធជាតិផ្ទុះ និងក្រុមជនល្មើសគេចខ្លួនមកពីបរទេសតាមច្រកព្រលានយន្តហោះ និងច្រកកំពង់ផែសមុទ្រជាដើម។
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវប្រមូលកម្លាំងសរុប ដើម្បីអនុវត្តផែនការឲ្យមានប្រសិទ្ធិភាពខ្ពស់ និងជំរុញវិធានការស្រាវជ្រាវ បង្ការ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសឧក្រិដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធភាពតាមកម្មវិធីច្បាស់លាស់៕
0 Reviews:
Post a Comment