Tuesday, January 31, 2023

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ប្រគល់ម៉ូតូ​ ១៤គ្រឿង ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅស្រុកកោះធំ

(ភ្នំពេញ)៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ​ បានចុះជួបសំណេះសំណាលជាមួយសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ សរុបប្រមាណ៥៨០នាក់ និងបានផ្តល់រង្វាន់ម៉ូតូ ១៤គ្រឿង ដល់សិស្សទទួលបាននិទ្ទេស A នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។

កម្មវិធីនេះក៏មានការចូលរួមពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកគ្រូ អ្នកគ្រូ មកពីគ្រប់វិទ្យាល័យនានាក្នុងស្រុកកោះធំ សរុបអ្នកចូលរួមទាំងអស់ចំនួន ៦២៨នាក់។

លេីកឡេីងនាឱកាសនោះទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានថ្លែងកោតសរសើចំពោះសិស្សានុសិស្សដែលមានអត្រាប្រឡងជាប់កើនដល់ ៧២% ក្នុងឆ្នាំ២០២២ បើធៀបទៅឆ្នាំ២០២១ អត្រាជាប់មានត្រឹម ៦១% ប៉ុណ្ណោះ មានន័យថាកើនឡើង១១%។

លោកទេសរដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ត្រូវខិតខំរៀនឱ្យចេះ រៀនឱ្យពូកែ ថែរក្សាសុខភាពឱ្យបានល្អ និងមានគោលដៅច្បាស់លាស់លើការជ្រើសរើសមុខវិជ្ជាជំនាញសិក្សានៅមហាវិទ្យាល័យ ហើយនៅពេលបញ្ចប់ការសិក្សាត្រូវយកចំណេះដែលមានមកជួយការងារសង្គម និងជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ក៏បានបញ្ជាក់ទៅកាន់សិស្សានុសិស្សទៀតថា​ គ្មានអ្វីសំខាន់ជាងមានចំណេះដឹង ដើម្បីអាចយកមកអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតនោះឡើយ ហើយក្នុងសម័យបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ គឺត្រូវការអ្នកមានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ផ្ទុយពីសម័យប៉ុលពត ដែលពួកគេមិនត្រូវការអ្នកមានចំណេះវិជ្ជាឡើយ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា​ កម្ពុជាមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការបណ្តាក់ទុនពីអ្នកវិនិយោគមកកម្ពុជា ហេតុនេះសុខសន្តិភាពគឺសំខាន់ណាស់យើងត្រូវរួបរួមគ្នាថែរក្សាឱ្យបានគង់វង្ស និងមិនត្រូវចាញ់បញ្ឆោតពាក្យភូតភររបស់ជនអគតិមួយក្តាប់តូច ដែលបានត្រឹមជាអ្នកថា តែមិនជួយធ្វើនោះឡើយ។

ទន្ទឹមនឹងនេះទេសរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍​ ដល់សិស្សានុសិស្ស​ យកទៅអភិវឌ្ឍខ្លួនឯងទៅថ្ងៃអនាគត ឱ្យកា្លយជាអ្នកដឹកនាំ ស័ក្តិសមជាយុវជនគំរូ ដែលពាក្យទាំងនោះមានដូចជា​ «កុំសួរថាកម្ពុជាធ្វើអ្វីឱ្យអ្នក ត្រូវសួរថាតើយើងបានធ្វើអ្វីឱ្យកម្ពុជា» ព្រមទាំង «សម្តីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង» និងពាក្យស្លោកដ៏មានអត្ថន័យល្អៗជាច្រើនទៀត។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី បានរៀបរាប់ពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមស្នាដៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន តួយ៉ាងលើវិស័យសាធារណការ និងដឹកជញ្ជូនសព្វថ្ងៃ ក្រសួងបានធ្វើការអភិវឌ្ឍលេចចេញជាសមិទ្ធផលគួរជាទីមោទនៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ខ្វាត់ខ្វែង។ ជាសក្ខីភាពនៅក្នុងស្រុកកោះធំជាក់ស្តែង មានផ្លូវបេតុងស្ទើរគ្រប់ភូមិ ឃុំ រួមទាំងសាលារៀន វត្តអារាម មន្ទីរពេទ្យតេជោសែនកោះធំ ដែលនឺងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នុងបានក្រើនរម្លឹកដល់សិស្សដែលគ្រប់អាយុ​ត្រូវទៅបោះឆ្នោត សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា រួមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ ហើយនៅពេលនោះត្រូវសួរខ្លួនឯងថា តើអ្នកណាដែលបានជួយកម្ពុជាឱ្យមានសុខសន្តិភាពដល់សព្វថ្ងៃ នាំមកនូវការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យតេជោសែនដ៏ធំស្កឹមស្កៃនៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនរាប់មិននៅកម្ពុជានាពេលបច្ចុប្បន្ន ជូនដល់ពលរដ្ឋខ្មែរ៕

0 Reviews:

Post a Comment