Sunday, October 2, 2022

រដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦​ ដោយលើកយករបៀបវារៈ ចំនួន ៥ មកពិភាក្សា និងអនុម័ត

    


ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ទី៣​ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨​ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន ៥ គឺ៖

១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖

– ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព

– ឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

៤- ការបោះឆ្នោតជ្រើសតាំង៖

– ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា

– លោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៨​ នីតិកាលទី៦ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖ ១- ឯកឧត្តម ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ​ ២- ឯកឧត្តម សៀង ស៊ុតថង អាយុ ៧០ឆ្នាំ​ ៣- ឯកឧត្តម ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ៕ ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment