ក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការសម្អាតទន្លេសមុទ្រ ក្នុងការជួយគាំទ្រដល់បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់នៅរបស់យើង»។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»។
បើតាមការបញ្ជាក់របស់លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយប្រើទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបវៃឆ្លាត ឈ្មោះថា everwave មកពីប្រទេសអាល្លឺម៉ង់។ លោក បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្រ ដោយលោកថ្លែងថា ការទុកដាក់ បែងចែកសំណល់តាមផ្ទះនីមួយៗឱ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មានប្រយោជន៍បំផុតសម្រាប់ប្រទេសយើងទាំងមូល ប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ច និងប្រសើរសម្រាប់ធម្មជាតិរបស់យើង។
លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវ បានឱ្យដឹងថា «ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍ សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន គឺ«ការអភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ» ។ លោកស្រី បានថ្លែងថា «យើងមានហេតុផលសំខាន់ពីរ ដែលជំរុញឱ្យមានការចុះអនុស្សរណៈនេះគឺ៖ ទី១. បរិស្ថាន ដោយការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។ ទី២ បញ្ហាទឹក ដែលត្រូវបានធានាថា ស្អាត មានសុវត្ថិភាពសម្រាប់ប្រជាជន និងសហគមន៍។
សូមបញ្ជាក់ថា ទូកប្រមូលសំរាមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីចុង ក្រោយរបស់អាឡឺម៉ង ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក មានសមត្ថភាពប្រមូលសំរាមក្នុងទឹក បានប្រមាណ២០តោន ក្នុងមួយថ្ងៃ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រមូលទិន្នន័យពីទីតាំងដែលមានសំរាមបានរហ័ស និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាត AI (Artificial Intelligence)៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMHZrQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a305d620a33320894d30260aed65d94049e3c219/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0EA1F75C-DF47-4B89-93E9-2907990.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMGprQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--283154b513e7210b0aad7b6cf3d1aec2f6127477/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/40FE636A-BF74-4595-9466-9AC3753.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMHJrQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--431fc2245df268e1fe0364fc138668d676eff178/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/914DB75A-02ED-438C-8579-DD2B354.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMG5rQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--69cdb7a28dead9c1ad17a295bfde31c5cd36ab74/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/D9C74EAA-671D-452D-A881-3BD58D8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMDNrQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--af9e85a41c3c30753d4809bfe19a847b58c66477/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4556E14C-EC00-42B6-B76E-9BEFB63.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMHprQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2f11c55ab8a42438211bff34279d34b0396f094d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B49F4A8F-1959-404E-B48E-3EDECFA.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMDdrQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d5ad325292834a113d83289f01ba7585fe20d4ae/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2F8DB400-299C-4869-BA47-D9E1AB2.jpeg)
0 Reviews:
Post a Comment