Sunday, August 21, 2022

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តាំផ្ញើសាកសួរសុខទុក្ខ និងរៀបចំពិធីជួបជុំសំណេះសំណាលសម្រាប់និស្សិតដែលនឹងបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

    


(ភ្នំពេញ)៖ លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីជួបជុំសំណេះសំណាលជាមួយនិស្សិតដែលនឹងបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅសណ្ឋាគារភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ ESEA, អតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ និងនិស្សិតជ័យលាភីអាហាររូបករណ៍ដែលនឹងត្រូវបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ សរុបចំនួន ៩១នាក់។

លោក ហេង សួរ បានចាត់ទុកនិស្សិតអាហារូបករណ៍ជ័យលាភីដែលត្រូវទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ជាធនធានដ៏មានតម្លៃ និងជាស្ពានភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឲ្យមានភាពកាន់តែប្រសើរ និងរឹងមាំបន្ថែមទៀត។ លើសពីនេះ លោកបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ទាំងនោះ ត្រូវចេះបង្កើតឱកាស និងក្តាប់ឱកាសឱ្យបានតាមរយៈការប្រាស្រ័យទាក់ទងល្អជាមួយមិត្តភក្តិបរទេស ដែលជាកត្តាសំខាន់មួយទៀតក្រៅពីការសិក្សារបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ បានចូលរួមអបអរសាទរ និងពាំនាំនូវការផ្តាំផ្ញើប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្អូនៗ ជាពិសេសតែងតែផ្តួចផ្តើមរៀបចំពិធីជួបជុំសំណេះសំណាលចែករំលែកបទពិសោធន៍ និងមានមតិផ្តាំផ្ញើដល់ប្អូនៗ មុនពេលចេញទៅបន្តការសិក្សានៅឯបរទេស។

លោក ហេង សួរ គូសបញ្ជាក់ថា ពិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសឲ្យមានការជួបជុំគ្នាដោយផ្ទាល់សម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសផ្តល់ឱកាសដល់ប្អូនៗនិស្សិត ក្នុងការដកស្រង់បទពិសោធន៍ផ្ទាល់ពីសំណាក់រៀមច្បងដែលធ្លាប់បានសិក្សានៅសាធារណរដ្ឋកូរ៉េ ព្រមទាំងទទួលបាននូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ដ៏ជោគជ័យពីសំណាក់រៀមច្បង សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថ និងការអនុវត្តសម្រាប់ការលើកកម្ពស់សមត្ថភាពរបស់ខ្លួនផង។

បើតាម លោក ហុង ជឿន អនុប្រធានក្រុមការងារ ESEA បញ្ជាក់ថា និសិ្សតជ័យលាភីដែលត្រូវចេញទៅសិក្សានៅសាធារណកូរ៉េ នាឆ្នាំ២០២២នេះ មានចំនួនសរុប៦៤នាក់ (ស្រី២៥នាក់) ដែលទទួលអាហារូបករណ៏រដ្ឋាភិបាលកូរ៉េ (Global Korea Scholarship-GKS) ចំនួន៥១នាក់ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Korea International Cooperation Agency- KOICA) ចំនួន១៣នាក់៕


0 Reviews:

Post a Comment