(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។
លោកនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកគ៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។
ដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។
ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ Fresh News ថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន។ លោក ជិន ម៉ាលីន បានចាត់ទុកទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ។
លោក ជិន ម៉ាលីន បានលើកឡើងដែរថា សម្រាប់របាយការណ៍របស់លោក វិទិត មុនតាប៊ន យ៉ាងណានោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សាការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ។
លោក ជិន ម៉ាលីន ក៏បានអះអាងដែរថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា តើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ហើយអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា។ ដូច្នេះកម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ៕
0 Reviews:
Post a Comment