Monday, January 17, 2022

ក្រុមហ៊ុនស៊ីបាយអូថេច កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងចេញពីតំបន់ព្រៃឡង់

(ខេត្តក្រចេះ)ប្រជាពលរដ្ឋបានលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងគគ្រឹកគគ្រេងដោយក្រុមហ៊ុន ស៊ីបាយអូថេចបានយ៉ាងរលូនដោយគ្មានកាត្រួតពិនិត្យនិងបង្ក្រាបពីសំណាក់មន្ត្រីមានសមកិច្ចឡើយ

ប្រជាពលរដ្ឋបានបន្តទៀតថាចាប់តាំង ពីចុងឆ្នាំ ២០២១រហូតដល់ពេលនេះ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ និងដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងពីតំបន់ព្រៃឡង់ចូលមកក្នុងក្រុមហ៊ុន ដើម្បីនាំបន្តទៅកាន់ប្រទេសវៀតណាម

តាមសេចក្ដីរាយការណ៍ថា យុទ្ធនាការកាប់បំផ្លាញព្រៃឈើខ្មែរដ៍មហន្តរាយក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុកចូលក្រុមហ៊ុនស៊ីបាយអូថេច តែម្ដង។

កាលពីពេលថ្មីៗក្រុមហ៊ុននេះក៏ធ្លាប់មានសេចក្ដី រាយការណ៍មកដែរថា បានឈូសកម្ទេច និងកាយកប់ប្រាសាទបុរាណចំនួន២ដែលនៅក្នុងតំបន់ព្រៃឡង់ឈ្មោះប្រាសាទលាវចោម និងប្រាសាទ ត្រពាំងក្របៅ មានទីតាំងស្ថិតនៅចំណុចនិយាមកាលេខ 13, 0017N 105,8929E _+3,79m ។ ទាក់ទងបញ្ហានេះលោកទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះបានបញ្ជាក់ប្រាប់ កាលពីពេលកន្លង ទៅថា លោកបានផ្ញើររបាយការណ៍ទៅក្រសួងហើយ, តែ រហូតមកដល់ពេលនេះគេពុំទាន់ទទួលបានចម្លើយណាមួយពីក្រសួងវប្បធម៌ និងចិត្រសិល្បៈ នៅឡើយទេ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី បាយអូថេច(Ci-Biotech) គឺ​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​អភិវឌ្ឍន៍រួម​គ្គ្នាជាមួយរដ្ឋាភិបាល​កម្ពុជា វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​វិនិយោគ​លើ​ផ្ផ្ទៃដីជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧ ហិកតា) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែ ៕









0 Reviews:

Post a Comment