Sunday, December 26, 2021

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១


កំពត៖ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការអមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងកងកម្លាំង ជុំវិញខេត្តដើម្បីអញ្ជើញ បើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត។

តាមរបាយការណ៍ឲ្យដឹងពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់នៅខេត្តកំពត មានបក្ខជនដាក់ពាក្យប្រឡង ចំនួន៥.០៣០នាក់ មានមណ្ឌលប្រឡងនៅក្នុងក្រុង ស្រុកចំនួន ៣ គឺនៅក្នុងនោះក្រុងកំពតមានចំនួន៤មណ្ឌល ស្រុកអង្គរជ័យ ចំនួន ៣មណ្ឌល និងស្រុកទឹកឈូចំនួន ៣មណ្ឌល ។ពាក់ព័ន្ធដំណើរការប្រឡង តាមការបញ្ជាក់របស់លោក តាក ហាប់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត កំពត ឲ្យដឹងថា ដំណើរការប្រឡង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ បានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីឡើយ។ ពិសេសពាក់ព័ន្ធនឹងបញ្ហា ជំងឺកូវីដ១៩ ក៏មិនមានបញ្ហាអ្វីរំខានដល់សិស្សសម្រាប់ចូលប្រលងនោះដែរ ដោយគ្រាន់តែមុនមួយថ្ងៃនៃការប្រឡង មានកិច្ចសហការពីមន្ទីរសុខាភិបាល បានល្អក្នុងការធ្វើតេស្តវាស់កម្ដៅ មានការប្រែប្រួលបន្តិចបន្តួចចំពោះសិស្សមួយចំនួនតូចដែលត្រូវប្រលឡងដោយសារការធ្វើដំណើរមកឆ្ងាយ។ប៉ុន្តែសម្រាក រហូតដល់ថ្ងៃចូលប្រឡងនេះបានមានលក្ខណៈកម្ដៅល្អប្រសើរឡើងវិញអាចបានចូលប្រឡងធម្មតា។

ក្នុងឱកាសបើកវិញ្ញាសារនោះដែរឯកឧត្តមម៉ៅ ធនិនអភិបាលខេត្ត បាន មានប្រសាសន៍ ក្រើនរំលឹកដាស់តឿនចាំផ្ញើ ដល់សិស្សដែលជាបេក្ខជនប្រឡងទាំងអស់សូមបញ្ចេញឲ្យអស់នូវសមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីការប្រឡងនេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នាហើយនឹងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត។ ពិសេសយើងត្រូវរួមគ្នា យកចំណេះវិជ្ជាទាំងអស់នេះ បំរើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពីទីក្រុងដល់ជនបទ ឲ្យក្លាយជាធនធានមួយមានសក្ដានុពល សំដៅការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment