ភ្នំពេញ :ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្ញើសារក្រើនរម្លឹកដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ឬជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺកូវីដ-១៩ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ និងគោរពទៅតាមវិធាន របស់ ក្រសួងសុខាភិបាល ក្នុងឱកាសថ្ងៃឈប់សម្រាក ដោយប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងកុំភ្លេច ៣ កុំ ៣ ការពារ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ត្បិតឆ្នាំនេះទោះបីជារាជរដ្ឋាភិបាលមិនបានធ្វើសកម្មភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក និងការប្រណាំងទូកក្ដី តែប្រមុខរាជរដ្ឋាភិបាល នៅតែអនុញ្ញាត ឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ - កម្មការិនី បានឈប់សម្រាក ដើរកម្សាន្ត ជាធម្មតា។ លោកបានបន្ដថា ដូច្នេះ រាល់ការជួបជុំ បងប្អូននៅ តាមផ្ទះ ឬធ្វើដំណើរ កម្សាន្ត ទៅកាន់ ទីណាក៏ដោយ គឺត្រូវចងចាំ និងអនុវត្តន៍ ជាដាច់ខាតនូវ វិធានការ ៣ កុំ ៣ ការពារ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំគណ:បញ្ជាការឯកភាព ទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដែលបានចេញបញ្ជា ឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ខណ្ឌទាំង១៤ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
0 Reviews:
Post a Comment