Sunday, November 14, 2021

ប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី


ព្រះសីហនុ :ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ផ្តើមចេញពីការបើកទេសចរណ៍ក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។​

ក្នុងដំណើរកម្សាន្តរបស់ប្រតិភូខេត្តព្រះសីហនុ ទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី បានបង្ហាញពីការ "ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី" ដែលជាការបើកឱ្យដំណើរការឡើងវិញនូវទេសចរណ៍ក្នុងស្រុក បើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយដែរ ។

​នៅពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ នៃខេត្តកោះកុង ត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងចាប់ពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងឈានទៅបើកទទួលទេសចរវ៉ាក់សាំងបន្តទៀតនៅខេត្តសៀមរាបនាខែមករា ឆ្នាំ២០២២ និង បន្តឈានទៅបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។

ទន្ទឹមនឹងការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែធ្វើការណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕


0 Reviews:

Post a Comment