Wednesday, October 20, 2021

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលា

  


ខេត្តរតនគិរី÷ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារអាយុជីវិតរបស់ជនរងគ្រោះ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផល ប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ  បានយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅ ដែលរងការគំរាមកំហែង ដោយទឹកជំនន់ទូទាំងខេត្តរតនគិរី ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕

ដោយ÷លោក ជួន បូណាប្រភព:(វិទ្យុជាតិកម្ពុជា)÷សម្រួលដោយ:ដារ៉ា


0 Reviews:

Post a Comment