Wednesday, August 18, 2021

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម


នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សតទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែងការគួរសម និងគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច មុនការចាកចេញទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។ តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

0 Reviews:

Post a Comment