Thursday, August 5, 2021

ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ភូមិចំបក់ ឃុំបឹងបេង ទទួលអំណោយរាជរដ្ឋាភិបាល

 


 បន្ទាយមានជ័យ: ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

ប្រជាពលរដ្ឋ ១០០គ្រួសារ ដែលរស់នៅ ក្នុងតំបន់បិទខ្ទប់ បន្ទាប់ពីមានការផ្ទុះឡើងជំងឺកូវីដ-១៩ រាលដាលក្នុងសហគមន៍ភូមិចំបក់ ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃបានទទួលអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅ ដែលកំពុងជួបការលំបាក នៅក្នុងដំណាក់កាល នៃការរាតត្បាតជំងឺដ៏ កាចសាហាវនេះ។

អំណោយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចំនួន១០០ឃីត តាមរយៈរដ្ឋបាលខេត្តបន្ទាយ មានជ័យ ត្រូវបានលោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ រួមជាមួយក្រុមការងារស្រុក ឃុំ យកទៅចែកជូនផ្ទាល់នៅទីតាំងនោះនៅរសៀលថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ដើម្បីដោះ ស្រាយការលំបាក បងប្អូនបានមួយគ្រា ក្រោយពីពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋនៅភូមិចំបក់ ឃុំបឹងបេង មានការខ្វះខាតក្រោយបានបិទខ្ទប់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មកនេះ។

អភិបាលស្តីទីស្រុកម៉ាឡៃរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងអភិបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ដោយបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារតែការរាតត្បាតជំងឺកូវីដ-១៩នេះ បានទាន់ពេលវេលា ។

ក្នុងឱកាសនោះលោក ស្វាយ ជា បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងភូមិចំបក់នេះ ដែលត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ សូមឱ្យមានការយោគ យល់ មានការអត់ធ្មត់ កុំចេញពីផ្ទះបើមិនមានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍កាន់តែច្រើនទៀតនោះ។

ជាមួយនោះដែរ លោក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានក្តី ព្រួយបារម្ភ ភ័យស្លន់ស្លោ បាត់ម្ចាស់ការ ហើយត្រូវស្តាប់តាមការណែនាំ ជូនដំណឹងផ្លូវការ របស់អាជ្ញាធរដែនដី ។ ផ្ទុយទៅវិញត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យខាងតែបាន នូវរោគរាតត្បាតនៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឱ្យ បានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នានោះទើបចៀសផុតពីការឆ្លងជំងឺដ៏កាច សាហាវនេះ ៕

ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

0 Reviews:

Post a Comment