អធិការស្រុកកោះធំ លោកវរៈសេនីយ៍ឯក ស៊ីម ឃាង ត្រូវបានមន្រ្តីនគរបាលដែលស្ថិតនៅក្រោមបង្គាប់ នាំគ្នាផ្តិតមេដៃប្តឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយធ្វើការបកអាក្រាតរឿងពុករលួយបក្ខពួកនិយម និងមិនយកចិត្តទុកដាក់បម្រើការងារ ដោយរវល់តែដើរផឹកស៊ី។
ពាក្យបណ្តឹងបានលើកឡើងថា ចាប់តាំងពីលោក ស៊ីម ឃាង ឡើងកាន់តំណែងជាអធិការស្រុកកោះធំ ចាប់ពីឆ្នាំ២០១៧មក គឺលោកបានធ្វើឲ្យមន្រ្តីនគរបាលនៅក្នុងអធិការដ្ឋានស្រុកកោះធំមានការបែកបាក់សាមគ្គីផ្ទៃក្នុង ដោយសារតែលោកប្រកាន់យកបក្ខពួកនិយម ហើយថែមទាំងអួតអាងថា លោកមានខ្សែខ្នងធំៗចាំជួយលោកពីក្រោយទៀត។
តាមពាក្យបណ្តឹងថា មួយថ្ងៃៗលោកអធិការចេះតែដើរផឹកស៊ី ច្រៀងខារ៉ាអូខេ ដោយមិនយកចិត្តទុកដាក់ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ ជាហេតុធ្វើឲ្យកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់ដូចជា អំពើចោរកម្ម លួច ឆក់ ក្រុមក្មេងទំនើងដើរបង្ករចលាចល អសន្តិសុខ ព្រមទាំងមានការចែកចាយគ្រឿងញៀនពេញស្រុក ព្រមជាមួយនឹងល្បែងស៊ីសងស្ទើរគ្រប់ប្រភេទ។
ក្នុងនោះដែរ លោកអធិការក៏បានជម្រិតទារប្រាក់ពីមន្រ្តីណាដែលចង់ឡើងតួនាទី ឡើងសក្តិ, ដើរប្រមូលលុយពីមុខសញ្ញាបើកលេងល្បែងស៊ីសង, បង្ខំឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ហាងផឹកស៊ី និងផ្ទះសំណាក់ យកលុយថ្លៃការពារឲ្យខ្លួន ជាដើម។
ចំពោះទង្វើទាំងនេះ ក្រុមមន្រ្តីក្រោមបង្គាប់ទាំងនោះ បានស្នើដល់ក្រសួងមហាផ្ទៃ សូមជួយពិនិត្យមើលផង។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបាននៅឡើយទេនៅថ្ងៃនេះ៕
0 Reviews:
Post a Comment