Friday, February 5, 2021

ករណីបណ្តឹងរឿង​ស្នងការរងខេត្តតាកែវបង្ខាំងមនុស្ស​ជំរិតទារលុយ បិទបញ្ចប់ការស៊ើបអង្កេតហើយ

 

តាមការ​បញ្ជាក់របស់​លោក អ៊ីវ លាង អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ការ​ស្រាវជ្រាវ ស៊ើបអង្កេតករណី​លោក​ឧត្តម​សេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត​តាកែវ ព្រមទាំងបក្ខពួក ពាក់ព័ន្ធករណីបង្ខាំង​មនុស្ស​ជំរិតទារប្រាក់ចំនួន​៣០ម៉ឺនដុល្លារនោះ គឺបានបិទបញ្ចប់ហើយ តែ​របាយការណ៍​បឋម ឬ​របាយការណ៍​បញ្ចប់ នៅ​មិន​ទាន់​មក​ដល់​លោក​នៅ​ឡើយទេ។


លោក អ៊ីវ លាង បន្តថា បើរបាយការណ៍​មក​ដល់ គឺ​នៅ​ពិនិត្យ​មើល​បន្ថែម​ទៀត បើ​មាន​ការ​ពាក់ព័ន្ធអ្វីទៀត នឹង​ត្រូវ​ចុះទៅពិនិត្យ​បន្ថែម ដើម្បី​ឲ្យ​ច្បាស់ថា ការ​ប្តឹងនេះពិត ឬយ៉ាងណា។


គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បានដាក់របាយការណ៍​មួយ​ជូន​សម្តេច​ក្រឡាហោម សខេង ក្រោយ​ពីមានករណីប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ថាបាន​បង្ខាំងមនុស្ស​ខុសច្បាប់ និង​ជំរិតទារលុយសរុបចំនួន ៣០ម៉ឺនដុល្លារ។


របាយការណ៍​ថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក​គំរាមកំហែង ថ្នាក់ក្រោម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង​រួមជាមួយ​បក្ខពួក​បាន​ចាប់ បង្ខាំង​ជនរងគ្រោះ​ជំរិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ (​ពីរ​រយ​ពាន់​ដុល្លារ​អាម៉េរិក​) និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង​និង​លោក​វរសេនីយ៍ទោ​សាក់​ទូច​រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ ជា​ជនជាតិ វៀតណាម​ចំនួន​បីនាក់ និង​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់ ជំរិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ (​មួយរយ​ពាន់​ដុល្លារ​) និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។


លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន ពីរ​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី នគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។


ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​)​បាន​យក​សម្ភារ​ទៅ​ប្រគល់ ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។​ករណីនេះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​៕



0 Reviews:

Post a Comment