អាជ្ញាធរខេត្តកណ្តាល គ្រោងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយទីប្រជុំជនជ្រៃធំ នៃស្រុកកោះធំឲ្យក្លាយជាទីក្រុងថ្មីមួយ នៅខេត្តកណ្តាល ដែលវាក៏នឹងរួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះតំបន់ជ្រៃធំ កំពុងតែកែប្រែមុខមាត់ក្នុងនាមជាច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា – វៀតណាម ក្លាយទៅមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញ និងជាបេះដូងយ៉ាងសំខាន់របស់ខេត្តកណ្តាលទាំងមូលផងដែរ។ ក្នុងនោះសំណង់ធំៗ ក៏ត្រូវឃើញសាងសង់ក្រោមការវិនិយោគពីអ្នកជំនួញទាំងក្នុងស្រុក និងក្រៅស្រុក។
ជាមួយគ្នានេះ បើតាមក្រុមហ៊ុនអចលនទ្រព្យបានបញ្ជាក់ថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន តម្លៃដី និងអចលនទ្រព្យនានាកើនឡើងថ្លៃស្ទើរមិនគួរឲ្យជឿ ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរីកលូតលាស់ និងអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ហើយហេតុផលដែលធ្វើឲ្យតម្លៃអចលនទ្រព្យ នៅតំបន់នេះកើនឡើងខ្លាំង ក៏ព្រោះតែតំបន់ច្រកជ្រៃធំមានការអភិវឌ្ឍលឿន ដែលវាក្រៅពីជាច្រកចេញចូល និងដឹកជញ្ជូននូវទំនិញរវាងកម្ពុជា -វៀតណាម វាក៏ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ ជាពិសេសជនជាតិចិន និងម៉ាឡេស៊ី ដែលភាគច្រើនពួកគេផ្តោតសំខាន់ លើការវិនិយោគផ្នែកវិស័យសំណង់៕
0 Reviews:
Post a Comment