រយៈពេលថ្មីៗនេះ គេសង្កេតឃើញថា មានការវាយប្រហារដោយធ្វើការបោកបញ្ឆោតតាមអ៊ីនធឺណិត ដូចជាផ្ញើសារខ្លីៗ ឬសារអ៊ីមែលទៅអ្នកប្រើប្រាស់ ដោយមានខ្លឹមសារថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើប្រាស់ ហើយត្រូវបញ្ជាក់លេខកូដជាដើម ដោយគេមានភ្ជាប់ជាមួយនឹងឈ្មោះវិបសាយ ដែលស្រដៀងនឹងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់ទៀតផង។
នៅពេលអ្នកប្រើប្រាស់ចុចលើឈ្មោះវិបសាយនោះ នឹងចូលទៅកាន់គេហទំព័រក្លែងក្លាយមួយដែលមានរូបរាង និងទម្រង់ស្ទើរតែដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយគេតម្រូវឲ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ លេខគណនី ពាក្យសម្ងាត់ និងលេខកូដសំងាត់ជាដើម។ ហើយប្រសិនបើលោកអ្នកបញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់លោកអ្នក ហើយអាចបង្វែរសាច់ប្រាក់ចេញទៅគណនីផ្សេងទៀត ដែលបានគ្រោងទុកជាមុន។
ដូច្នេះ អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះវិបសាយដែលភ្ជាប់មកតាមសារខ្លី ឬអ៊ីមែលនោះទេ។
លោកអ្នកគួរត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឲ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ ហើយអ្នកប្រើប្រាស់ក៏មិនត្រូវធ្វើការឆ្លើយតបទូរស័ព្ទ សារខ្លី ឬអ៊ីមែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។
ចូលចងចាំថា ជាទូទៅគ្រឹះស្ថានធនាគារ មិនដែលស្នើសុំឲ្យអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ ហើយបើមានការសង្ស័យថា ខ្លួនធ្លាក់ចូលអន្ទាក់ចោរបច្ចេកវិទ្យា សូមទាក់ទងគ្រឹះស្ថានធនាគាររបសលោកអ្នក ដើម្បីអាចជួយដោះស្រាយទាន់ពេលវេលា៕
0 Reviews:
Post a Comment