លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់ មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យអ្នកសារព័ត៌មាន មួយចំនួន ចូលថត ឬផ្សាយផ្ទាល់(Live)សកម្មភាព ទាំងឡាយណា ដែលសមត្ថកិច្ច កំពុងតែអនុត្តការងារ ឬកំពុងតែធ្វើការតាមដាន ស្រាវជ្រាវ កំណត់មុខសញ្ញាល្មើស បង្ក្រាបបទល្មើស ក៏ដូចជា កំពុងធ្វើការជំនាញ សំខាន់ផ្សេងៗទៀត ។ ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំ របស់សមត្ថកិច្ចនោះ សមត្ថកិច្ច នឹងចាត់ការ តាមវិធានការច្បាប់ ក៏ដូចជា ច្បាប់សារព័ត៌មាន។
ការណែនាំរបស់ ស្នងការនគរបាល រាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងនាំកិច្ចប្រជុំ ស្តីពីការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាបបទល្មើស ពាក់ព័ន្ធការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រសេន៍ និងល្បែងស៊ីសងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករាម្សិលមិញ ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត ឬទៅយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ និងកំពុងបំពេញកិច្ចការងារ។
បើតាមលោករដ្ឋមន្ត្រី ការដែលអ្នកសារព័ត៌មាន ទៅថត ឬទៅយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ និងកំពុងបំពេញកិច្ចការងារ គឺខុសវិជ្ជាជីវ:សារព័ត៌មាន៕
0 Reviews:
Post a Comment