Tuesday, January 19, 2021

សម្តេចតេជោឯកភាព​ឲ្យ​ធ្វើការ​និរាករណ៍លើលិខិតរបស់អាជ្ញាធរ ករណី​រំលោភយកដីចំការស្រស់របស់រដ្ឋនៅខេត្តមណ្ឌលគិរី ---


.សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១កន្លងទៅនេះ បាន​ចារឯកភាពចំពោះសំណើរ​របស់​រដ្ឋមន្រ្តីក្រសួង​កសិកម្ម ដោយ​ធ្វើការ​និរាករណ៍ចំពោះ​លិខិតដែលចេញដោយ​អាជ្ញាធរ មិន​ស្រប​តាម​នីតិវិធី នាំ​ឲ្យ​មាន​ការ​រំលោភ​យកដីរដ្ឋស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ស្រុកអូររាំង និង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី នាពេលកន្លងមក។

តាម​លិខិត​ចុះ​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១ របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្ញើជូន​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​លើកឡើងថា ក្រុមហ៊ុន វ៉ូជីសាន អិលអេស គ្រុប ខូអិលធីឌី , ក្រុមហ៊ុន ហួរលីង ខេមបូឌា អ៊ិនធឺណេសិនណល អ៊ិនសឺរេន បានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគដាំដើមស្រល់នៅលើសម្បទានដីសេដ្ឋកិច្ច ស្ថិតនៅស្រុកអូររាំង និង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និង បានចុះកិច្ចសន្យា ស្តីពីការវិនិយោគលើការដាំដើមស្រល់ ជាមួយក្រសួងកសិកម្ម នៅឆ្នាំ២០០៥ និង ឆ្នាំ២០១០ ។

បន្ទាប់ពីទទួលបានការវិនិយោគរួចមក ក្រុមហ៊ុនទាំង២នេះ បានធ្វើការដាំដើមស្រល់ជាបន្តបន្ទាប់ ហើយគិតមកដល់ពេលនេះ ដើមស្រល់ដែលបានដាំរួច អាចធ្វើអាជីវកម្មប្រមូលផលបាន ។ ប៉ុន្តែ ផ្ទៃដីដែលបានដាំដើមស្រល់រួច ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូច បំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និង ក្រុមហ៊ុនវិនិយោគ ដែលទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ របស់អាជ្ញាធរមូលដ្ឋាន ហើយកន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចនលវត្ថុទៀតផង ។​​

លោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងទៀតថា ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុកការពារតាមជ្រលងដងអូរ ក្នុងតំបន់ដីសម្បានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំង២នេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ផងដែរ ។ 


ក្រៅពីព្រៃស្រល់ និង ព្រៃធម្មជាតិ នៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង២ខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និង ហ៊ុំមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់ នូវដីចម្ការឈើស្រល់របស់រដ្ឋ និង ដីចម្ការឈើស្រល់ដែល ព្រះមហាក្សត្រ បានយាងដាំក្នុងពិធីរុក្ខទិវាជាតិ ឆ្នាំ២០០៥ ដោយទីតាំងខ្លះមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង លិខិតកាន់កាប់ ទៀតផង ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី វេង សាខុន ថ្លែងថា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃការរំលោភកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ , ក្រសួងកសិកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រិះរកវិធានការគន្លឹះដោះស្រាយ និង សូមគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន នូវគោលការណ៍គាំទ្រ សម្រាប់បំពេញកិច្ចអនុវត្ត ដូចខាងក្រោម ៖

១-រដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវចេញលិខិតនិរាករណ៍លើលិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញ កន្លងមក និង ត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ ។

២-រដ្ឋបាលខេត្តមណ្ឌលគិរីត្រូវសហការជាមួយក្រសួងកសិកម្ម ពិនិត្យលើ , ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ ។ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬ ពុំព្រមអនុវត្តស្របតាមវិធាន នានា ដែលអាជ្ញាធរដាក់ចេញ កន្លងមក និង នៅជាធរមាន ។ ចំណាត់ការផ្លូវច្បាប់លើការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មិនប្រក្រតី លើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម ។ ចំណាត់ការផ្លូវច្បាប់លើការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ។

៣-រដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុំមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រពីកម្លាំងចម្រុះថ្នាក់ជាតិ ។

៤-ក្រសួងកសិកម្ម ត្រូវពិនិត្យលទ្ធភាពអាចធ្វើនិយ័តកម្ម ឬ ប្តឹងទៅតុលាការមោឃភាពចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញ នៅជាធរមាន៕





0 Reviews:

Post a Comment