Monday, January 25, 2021

អនុរដ្ឋលេខាធិការ២នាក់ ​​ត្រូវតុលាការ​បើក​ការ​ស៊ើបអង្កេតពាក់ព័ន្ធករណីឆបោក

 

លោក មាស សាវឿន ដែល​មាន​តួនាទីជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​លោក ឆែម ពេត ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានតំណាង​អយ្យ​ការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ បើក​ការ​ស៊ើបអង្កេត ពាក់ព័ន្ធករណីឆបោក ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៣២១៩ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩។


សំណុំរឿងនេះ គឺជាករណីឆបោក​ទិញលក់ដីទំហំ២ហិកតា​នៅ​ភូមិ​ទួល​សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៦ ដោយ​មាន​ដើម​បណ្តឹង​ឈ្មោះ កាន រិទ្ធី ភេទប្រុស អាយុ​៤៨ឆ្នាំ។


បើ​តាមពាក្យបណ្តឹងរបស់លោក កាន រិទ្ធី បានបញ្ជាក់ថា នៅកំឡុងខែសីហា ឆ្នាំ ២០១៦ ឈ្មោះ ឆែម ពេត បានណែនាំអូសទាញរូបលោកឲ្យទិញដីមួយកន្លែងពីឈ្មោះ មាស សាវឿន។ ដែលពេលនោះលោក កាន រិទ្ធី មិនស្គាល់ថា លោកមាស សាវឿនជាអ្នកណានោះទេ។ ឈ្មោះ ឆែម ពេត បានប្រាប់ថា ដីនេះ មានរឿងក្តីតែបានបញ្ចប់រួចរាល់អស់ហើយ ដោយរូបគាត់មានឯកសារនៅក្នុងដៃ ព្រោះគាត់ជាអ្នកកាន់ឯកសាដីនេះទាំងស្រុង។ ឈ្មោះឆែម ពេតបានអះអាងថា នៅខ្វះតែប្រាក់ថ្លៃសុរិយោដីវាស់វែងតែប៉ុណ្ណោះ! បើមានប្រាក់១០ម៉ឺនដុល្លារភ្លាម គាត់នឹងវាស់វែងធ្វើប្លង់ភ្លាម។


លោក កាន រិទ្ធី បានបញ្ជាក់ថា ដោយការអូសទាញ ណែនាំពីលោកឆែម ពេត អស់រយៈពេលប្រមាណ៣ខែ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោកសម្រេចទិញដីដែលមាន ទំហំ ២០០០០ ម៉ែត្រការ៉េ (ពីរម៉ឺនម៉ែត្រការ៉េ) ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០ ដុល្លារអាមេរិក (ពីររយដុល្លាអាមេរិក) ក្នុងមួយម៉ែត្រការ៉េ សរុបទឹកប្រាក់ស្មើនឹងចំនួន ៤០០០០០០ ដុល្លាអាមេរិក (បួនលានដុល្លាអាមេរិក)។ ក្នុងកិច្ចសន្យាទិញលក់ដីនេះ បានកំណត់ការទូទាត់ប្រាក់ជា៣ ដំណាក់កាល។ លើកទី១ ត្រូវប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លាអាមេរិកនៅថ្ងៃចុះកិច្ចសន្យា។ លើកទី២ ត្រូវប្រគល់ប្រាក់២សែនដុល្លាអាមេរិក នៅថ្ងៃផ្តិតមេដៃលើលិខិតលក់ផ្តាច់របស់មន្ត្រីសុរិយោដី និងលើកទី៣ ត្រូវប្រគល់ប្រាក់ដែលនៅសល់បន្ទាប់ពីផ្ទេរកម្មសិទ្ធិរួចរាល់ ដោយមានឈ្មោះកាន រិទ្ធី នៅលើប័ណ្ណកម្មសិទ្ធិ។


ក្នុងពាក្យបណ្តឹងលោក កាន រិទ្ធី បានបញ្ជាក់ថា ក្រោយប្រគល់ប្រាក់១០ម៉ឺនដុល្លារ លោកមាស សាវឿន បានប្រាប់ថា ប្រាក់នេះយកទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ដោយសន្យារយៈពេល១៤ថ្ងៃ។ ប៉ុន្តែ១៤ថ្ងៃក្រោយមក ជាថ្ងៃដែលត្រូវប្រគល់ប្រាក់ជាលើកទី២ និងជាថ្ងៃដែលត្រូវផ្តិតមេដៃលើលិខិតលក់ផ្តាច់របស់មន្ត្រីសុរិយោដី បែជាលោកកាន រិទ្ធី មិនបានទទួលដំណឹងអ្វីសោះអំពីការរត់ប្លង់ដី ហើយក៏គ្មានមានវត្តមានរបស់លោក មាស សាវឿននោះទេ។ ដោយហួសថ្ងៃកំណត់តាមកិច្ចសន្យា លោកកាន រិទ្ធី និងភរិយា បានទាក់ទងសួរនាំលោកមាស សាវឿន តាមទូរស័ព្ទ និងជួបផ្ទាល់ លោកមាស សាវឿន បានឆ្លើយដោះសារជាច្រើនលើកច្រើនសារថា សុរិយោដីមិនទំនេរ ឬថារដ្ឋមន្ត្រីមិននៅជាដើម។


លោកកាន រិទ្ធី បញ្ជាក់បន្ថែមថាក្រោយទទួលលុយ១០ម៉ឺនដុល្លាររួចមក លោកមាស សាវឿនមិនបានអនុវត្តតាមកិច្ចសន្យាផ្តិតមេដៃលើលិខិតលក់ផ្តាច់ បែរជាលោកមាស សាវឿន បានមកសុំលុយចំនួន២ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតដោយសន្យាថា យកទៅចាក់ដី ធ្វើរបងលើដីដែលលោកបានទិញទៅវិញ។ កំឡុងពេលនោះលោកកាន រិទ្ធី មិនប្រគល់ជូននោះទេ ព្រោះមិនសមហេតុផល និងមិនឃើញមានលិខិតអនុញ្ញាតិអ្វីសោះពីអាជ្ញាធរមានសមត្ថកិច្ច។ 


បន្ទាប់មកទៀតភរិយារបស់លោក កាន រិទ្ធី បានហៅទូរស័ព្ទសួរនាំ រឿងដីដែលខ្លួនបានទិញ ពេលនោះលោកមាស សាវឿន ប្រាប់ឲ្យឈប់ហៅទូរស័ព្ទមកខ្លួនទៀត ហើយជំរុញឲ្យប្តឹងទៅតុលាការ។


លោកកាន រិទ្ធី បន្ថែមថា ក្រោយស៊ើបសួរជាក់លាក់ លោកមាស សាវឿន មិនមានដីជាកម្មសិទ្ធិរបស់ខ្លួន សម្រាប់លក់នោះទេ។ បន្ទាប់មកលោកបានស្នើសុំឲ្យលោកមាសសាវឿន ចូលខ្លួនមកដោះស្រាយបញ្ហាដែលបានកើតឡើង តែលោកមាស សាវឿន មិនខ្វល់ និងមានចរិកលក្ខណៈក្រអើតក្រទោមអាងអំណាច បំពានច្បាប់ ខណៈលោកមានតួរនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ស្រាប់។


ដោយសារអស់លទ្ធភាពក្នុងការចចារ និងមើលឃើញពីចេតនាទុច្ចរិត របស់ឈ្មោះ ឆែម ពេត និងលោកមាស សាវឿន ហើយក៏មិនចូលខ្លួនដោះស្រាយជាមួយខ្លួនក្នុងរយៈពេលជិត៤ឆ្នាំ ម្លោះហើយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោកកាន រិទ្ធី ក៏​បានសម្រេចដាក់ពាក្យបណ្តឹងអន្តរាគមន៍មកមហាអយ្យការអមសាលាឧទ្ទរណ៍ដើម្បីចាត់ការតាមច្បាប់៕

0 Reviews:

Post a Comment