Thursday, December 17, 2020

ករណីគ្រឿងញៀនឆ្លង​ដែនពីប្រទេសថៃ សមត្ថកិច្ចចាប់បានមនុស្ស​៣នាក់បន្ថែមទៀត​ និង​គ្រឿងញៀនជិត១០គីឡូក្រាមនៅប៉ោយប៉ែត ---

 


ករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឥឡូវ​នេះ​សមត្ថកិច្ច​បានឈានទៅចាប់ខ្លួនបណ្តាញចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។


បើតាម​របាយការណ៍​សមត្ថកិច្ចថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ ដោយ​ពេលនោះ​បាន​ឃាត់​ខ្លួនជនសង្ស័យ ១នាក់ ជាជនជាតិថៃ ដោយរឹបអូសបាន​គ្រឿងញៀនទម្ងន់ប្រមាណជាង ៥០គីឡូក្រាម។


ក្រោយ​មក​កម្លាំង​ជំនាញ​ក៏​បន្តការស៊ើបអង្កេត ដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ លុះនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០  នៅវេលាម៉ោង ១៩:១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បន្តឈានទៅបង្ក្រាបបានបណ្តាញខ្សែរយៈ នៅចំណុចតាមបណ្តោយផ្លូវជិតផ្សារអគ្គ មុខបេន​ឡានក្រុង ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យ​បាន​ចំនួន ៣នាក់ទៀត ព្រមទាំង​រឹបអូស​បាន​គ្រឿងញៀនប្រភេទផ្សេងៗទម្ងន់ជិត១០គីឡូក្រាម និង​កាំភ្លើងខ្លីមួយដើមផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕





0 Reviews:

Post a Comment