កម្ពុជា និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការគោរព និងអនុវត្តឲ្យបានពេញលេញ នូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ស្តីពីព្រំដែន ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ។ការបញ្ជាក់នេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះ កម្ពុជា -វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយភាគីកម្ពុជា ដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងភាគីវៀតណាម ដឹកនាំដោយលោក ផាម ប៊ិញមិ រដ្ឋមន្ត្រីការបរទេសវៀតណាម។
បន្ទាប់ពីកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លោក ប្រាក់ សុខុន និងលោក ផាម ប៊ិញមិញ បានចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម និងបានផ្លាស់ប្តូរ លិខិតូបករណ៍ នៃការផ្ដល់សច្ចាប័ន លើសន្ធិសញ្ញា បំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។
ភាគីទាំងពីរ បានអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព និងការជួយ គាំទ្រគ្នា ទៅវិញទៅមក ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំ រក្សាលំហូរពាណិជ្ជកម្ម នៃទំនិញឆ្លងកាត់ព្រំដែន និងការ វិនិយោគ។
សម្រាប់កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរ បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងអាស៊ាន និងអង្គការសហប្រជាជាតិ។
ភាគីទាំងពីរ បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់ តំបន់ និងអន្តរជាតិ បន្តសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនបទល្មើស ដែលបានគ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ ការផ្លាស់ប្តូរព័ត៌មាន នៅគ្រប់វិស័យ៕
0 Reviews:
Post a Comment