Friday, December 4, 2020

អ្នក​បង្ហោះព័ត៌មានភូតកុហក់ពាក់ព័ន្ធជំងឺកូវីដ​១៩ម្នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន

 


កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ឈិ៊៊ន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ក្រោយ​ពី​គាត់​បាន​បង្ហោះ​ព័ត៌មាន​ភូតកុហក់​ដោយ​ថា មានការបិទផ្សារជពូវ័ន្ត និង​មានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ជាច្រើននាក់។កុំ   


បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីខាងលើបានធ្វើឡើង បន្ទាប់ពីរូបគាត់ ដែលជាម្ចាស់គណនីឈ្មោះ Ka​ Piink បានបង្ហោះសារ ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ​ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀត ក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។


នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ​ ឈិន​ មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។


ទាក់ទិននឹងករណីដូចខាងលើ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭកដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ ឲ្យធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូលថែមទៀតផង៕



0 Reviews:

Post a Comment