Friday, December 11, 2020

អ្នក​បង្កើតព័ត៌មានបំពុលសង្គមម្នាក់ ត្រូវ​សមត្ថកិច្ចចាប់ខ្លួន


កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១១ធ្នូ ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនបុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH បញ្ជូនឡើងតុលាការពាក់ព័ន្ធនិងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាស់ពាក់អោយមាន់ » ។ បុគ្គលឈ្មោះ នី ណាក់ ជាជនដែលប្រព្រឹត្តបទល្មើសក្នុងការបំប៉ោង បំភ្លើសព័ត៌មាន ជាច្រើនលើក ច្រើនសារ ក្នុងចេតនាទុច្ចរិត បំពុលសង្គម នឹងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ពីគោលបំណងទុចរិតរបស់ខ្លួន។

មុននេះបន្តិចនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់អោយលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ តាមនីតិវិធី ។

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។

សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បុគ្គល  នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ៕



0 Reviews:

Post a Comment