មនុស្សចំនួន២នាក់បានស្លាប់ និងមនុស្ស១១នាក់ផ្សេងទៀតត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅក្នុងសប្តាហ៍នេះ ក្រោយពីពួកគេបានបរិភោគទឹកអណ្តូងដែលសង្ស័យថាមានជាតិពុល នៅវាលស្រែក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៌ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ដែរថា តាមការសាកសួរ អ្នកភូមិជីប្រ៉ងទាំងចាស់ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលព្រឹកថ្ងៃទី២៤ ប្រហែលម៉ោង១១ថ្ងៃត្រង់ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់ (សូមបញ្ជាក់ថាពេលព្រឹកនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ បានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុន និងក្រោយបាញ់ថ្នាំឪឡឹកគាត់)។
ក្រោយពីពិសារទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហេីយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។
បច្ចប្បន្ន ស្ថានភាពអ្នកពុលទាំង១០នាក់ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួននៅថ្ងៃទី២៧ នេះរួចហេីយ តែស្ត្រីម្នាក់អាយុ៥៣ឆ្នាំក៏បានធូរស្បេីយពីការពុលនេះហេីយ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃេីញ៕
0 Reviews:
Post a Comment