Sunday, November 1, 2020

ថ្ងៃនេះ មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​មួយ​ករណី លើស្រ្តីជនជាតិខ្មែរត្រឡប់​មក​ពី​ជប៉ុន ---


ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ​បាន​ឲ្យដឹងថា គេ​បានរកឃើញ​ករណីកូវីដ​១៩ថ្មី​ចំនួន១ករណីថ្មី ទៅ​លើ​ស្រ្តីជនជាតិខ្មែរ រស់​នៅ​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ។

ស្រ្តីជនជាតិខ្មែរ​ខាងលើនេះ មាន​អាយុ៣១ឆ្នាំ បានធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ម​ក​ដល់ប្រទេស​កម្ពុជា​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។ បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យមិត្តភាព​ខ្មែរ-សូវៀត។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថា ជើងហោះហើរ​របស់ស្រ្តីខាងលើ មាន​បុរស​ជនជាតិ​ប៉ូឡូញម្នាក់ បានធ្វើ​តេស្ត​លើកទី១ ពេល​មក​ដល់​កម្ពុជា គឺវិជ្ជមាន​វីរុស​កូវីដ​១៩ រីឯអ្នកដំណើរ​ចំនួន ៥២នាក់ ដែល​មាន​លទ្ធផលអវិជ្ជមាន​វីរុស​កូវីដ​១៩ពេល​មក​ដល់ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​សណ្ឋាគារ​ចំនួន ៣កន្លែង​នៅ​ក្នុង​រាជធានីភ្នំពេញ (២៦នាក់) និង​នៅ​មណ្ឌល​ទ័ព​អាកាស (២៦នាក់)។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ កម្ពុជា​មាន​ករណី​កូវីដ​១៩សរុប​ចំនួន ២៩២នាក់ហើយ ដោយ​ក្នុងនោះ​បានព្យាបាល​ជា​សះស្បើយ​ចំនួន ២៨៣នាក់ និង​កំពុង​សម្រាកព្យាបាល​នៅ​តាម​មន្ទីរពេទ្យរដ្ឋចំនួន ៩នាក់៕



0 Reviews:

Post a Comment