Thursday, October 1, 2020

មានមន្រ្តីដល់ទៅ៩នាក់ ក្នុង​នោះ​រួម​មាន​ចៅហ្វាយ​ខេត្ត​មណ្ឌលគិរីផង ត្រូវ​ដាក់ពិន័យ ពាក់ព័ន្ធ​ការបណ្តោយ​ឲ្យ​មាន​ការ​ទន្រ្ទានដីព្រៃ


(ភ្នំពេញ)៖ យោង​តាម​ប្រភពមួយចំនួនបានឲ្យដឹងថា មាន​មន្រ្តី​រហូត​ដល់ទៅ​៩នាក់ ដែល​រាប់តាំងពីចៅហ្វាយខេត្ត រហូត​ដល់​មេឃុំ ត្រូវ​បាន​ដាក់ពិន័យ និងទណ្ឌកម្ម ទាក់ទងករណីបណ្តែតបណ្តោយឲ្យ​មានការកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី ។

បើតាម​លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​ថ្លែងប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ក្រុម​ការងារ​អន្តរក្រសួង​បាន​បំពេញ​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ខេត្ដ​មណ្ឌលគិរី ប្រកប​ដោយ​តម្លាភាព សុចរិតភាព និង​មាន​ភស្តុតាង​ គ្រប់គ្រាន់ ។ នាយឧត្តមសេនីយ៍បន្តថា យើង​មាន​គោលការណ៍​អស់ហើយ ​ប៉ុន្ដែ​នៅពេល​ណា​យើង​មិនទាន់​ទទួល​បាន​ការអនុវត្ដ​ប្រកាស​ឲ្យ​ធ្វើ យើង​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បានដែរ​ តែវា​មិនមែន​ជា​ការលាក់កំបាំងអ្វីនោះ​ទេ​ ។

យ៉ាងណាក៏ដោយ បើតាម​ប្រភពបែកធ្លាយ​បាន​ឲ្យដឹងថា មន្ត្រីដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាលនិងទណ្ឌកម្មមានដូចជា៖

ទី១.លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំ អោយខិតខំអនុវត្តតួនាទីអោយបានល្អប្រសើរឡើងវិញ ។

ទី២.លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែង និង អោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៣.លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែងនិងអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៤.លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យរដ្ឋបាល ។

ទី៥.លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ ។

ទី៦.លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និង ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង ។

ទី៧.លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៨.លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៩.លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល៕


0 Reviews:

Post a Comment