(ប៉ៃលិន)៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើលការ អនុវត្តស្តង់ដាអនាម័យ ក្នុងអំឡុងនៃការបើកដំណើរការសាលារៀនឡើងវិញ នៅតាមសាលារៀនមួយចំនួនក្នុងខេត្តប៉ៃលិន ក្រោយក្រសួងអប់រំបានធ្វើការផ្អាកការសិក្សានៅតាមសាលារៀនទាំងរដ្ឋ និងឯកជន ជាបណ្ដោះអាសន្នកន្លងមកនេះ ដោយសារការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩។
លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍នូវវិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ ដូចជា៖
*ទី១៖ នៅមុនបើកទ្វារសាលារៀន នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៍បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀន រៀបចំកន្លែងលាងដៃ រៀបចំបន្ទប់ទឹកឲ្យស្អាត
*ទី២៖ ថ្នាក់រៀនត្រូវមានកម្រិតសិស្សមិនឲ្យលើសពី ២០នាក់ទេ ពោលគឺចាប់ពី ១៥នាក់ទៅ ២០នាក់ក្នុងមួយថ្នាក់ ហើយត្រូវមានការវិភាគឆ្លាស់គ្នាក្នុងការចូលរៀនផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលារៀន ដោយនៅតែរក្សាការបង្រៀនពីចម្ងាយ (ONLINE) ឲ្យនៅដដែល ហើយសម្រាប់សិស្សានុសិស្សដែលរៀននៅសាលា តម្រូវឲ្យមានការរក្សាគម្លាតឲ្យបាន
*ទី៣៖ ត្រូវមានការវាស់កំដៅនៅច្រកទ្វាររបង បាញ់អាកុល និងធ្វើការលាងដៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះដោយក្រសួង មិនអនុញ្ញាតឲ្យមានការលក់ដូរ នៅក្នុងបរិវេណសាលា នៅក្រៅរបងជាប់សាលាឡើយ ដើម្បីកាត់បន្ថយការ ជួបជុំគ្នានៅកន្លែងលក់ដូរចំណីអាហារ នៅពេលចេញលេងសម្រាក។
អភិបាលខេត្ត បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ លើគ្រប់មុខវិជ្ជារបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលល្អ សម្រាប់ការប្រឡងផ្សេងៗ នាពេលខាងមុខ ជាពិសេសធ្វើខ្លួនជាសិស្សល្អ ជាកូនល្អនៅក្នុងគ្រួសារ សម្រាប់បន្តវេណ ចូលរួមអភិវឌ្ឍន៍សង្គម និងប្រទេសជាតិឱ្យមានការរីកចំរើនឡើងបន្ថែមទៀត ក្នុងនោះមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ត្រូវសហការគ្នា សាមគ្គីគ្នា ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន អំពីវិធានអនាម័យ និងការការពារ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងសហគម និងក្នុងប្រទេសរបស់យើង៕
0 Reviews:
Post a Comment