(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងសមាជិក្រុមប្រឹក្សាខេត្ត អភិបាលស្រុកប្រាសាទបាគង ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន លោកយាយ លោកតា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍ «បាគភូមិខ្ញុំ» ប្រមាណជា ៣៥០នាក់ កាលពីចុងសប្ដាហ៍កន្លងទៅ នៅគមន៍ទេសចរណ៍ «បាគង់ភូមិខ្ញុំ» នាស្រុកប្រាសាទបាគង។
លោក សូត្រ សួរ តំណាងសហគមន៍ទេសចរណ៍ បាគង់ភូមិខ្ញុំ បានឱ្យដឹងក្នុងឱកាសនៃពិធីជួបជុំនោះថា គោលបំណងសំខាន់នៃការបង្កើតសហគមន៍នេះឡើង ក្នុងទស្សនវិស័យ និងបេសកកម្មចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ទី១៖ រៀបចំកន្លែងបណ្ដុះបណ្ដាលបច្ចេកទេសដំណាំកសិកម្ម ដល់បងប្អូនប្រជាសហគមន៍ ដែលរស់នៅតំបន់នេះ, ទី២៖ ផ្ដល់ទីតាំងសម្រាប់លក់កសិផល ដែលកសិករនៅតំបន់នេះផលិតបាន, ទី៣៖ ជួយរកទីផ្សារខាងក្រៅសម្រាប់កសិផលបន្ថែមទៀត ដើម្បីពង្រឹងជីវភាពកសិករឱ្យកាន់តែប្រសើរឡើង និងទី៤៖ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងឃុំបាគង និងកាត់បន្ថយការចំណាកស្រុក។
លោកបានបញ្ជាក់ថា សហគមន៍ប្ដេជ្ញាស្ដាប់តាមការណែនាំពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន «ហើយយើងខ្ញុំនៅទីនេះ នឹងរួមគ្នាគិត រួមគ្នាធ្វើ និងប្រាស្រ័យជួយគ្នា ដើម្បីសម្រេចបាននូវសមិទ្ធិផលរួមគ្នានាថ្ងៃអនាគង។ សហគមន៍បានចាប់ផ្ដើមរៀបចំបន្តិចម្ដងៗចាប់ពីឆ្នាំ២០១៤មក ដោយបានដាំឈើប្រណិតៗជាង ១០០ដើម, ប្រភេទធ្វើសួនដាំបានជាង ៨.០០០ដើម ដែលមានប្រភេទឈើផ្កាព្រៃ និងរុក្ខជាតិលម្អរ មានក្លិនពីដោរក្រអូបឈ្ងុយឈ្ងុប និងមានភាពស្រស់បំព្រង បៃតងខៀវស្រងាត់ ដែលបង្កបរិយាកាសល្អសម្រាប់ភ្ញៀវទេសចរ ក្នុងការដើរហាត់ប្រាណគយគន់ទេសភាព លើផ្ទៃដីប្រមាណ ១០ហិកតា និងមានបឹងមួយដែលអាចឲ្យភ្ញៀវទេសចរជិះទូកកម្សាន្តបាន ព្រមទាំងសួនកុមារ ផងដែរ»។
លោក សូត្រ សូរ បានបន្តថា សម្រាប់ថ្ងៃអនាគតសហគមន៍អាចនឹងជ្រើសរើសផ្ទះប្រជាពលរដ្ឋដែលមានស្រាប់ កែលម្អបន្ទប់ដេក បំពាក់ភ្លើងអំពូល គ្រែ ពូក ដើម្បីបម្រើសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវ និងបង្កើតកម្មវិធីផ្សេងៗទៀតដូចជា៖ ជិះកង់ ជិះរទះគោ ស្ទូចត្រី ដាក់បង្កៃ រាយមង ដក/ស្ទូង/ច្រូតស្រូវ ដែលជាប្រពៃណីរស់នៅរបស់ប្រជាសហគមន៍។ ធ្វើបែបនេះសង្ឃឹមថាភ្ញៀវនឹងពន្យាការស្នាក់ ហើយចំណូលបានដល់ប្រជាសហគមន៍។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា គម្រោងនេះអាចលេចចេញជារូបរាងឡើង គឺដោយមានការចូលរួម និងសហការពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្ត ពិសេសពីប្រជាសហគមន៍ផ្ទាល់ ក្នុងការរៀបចំឱ្យស្របតាមការគោលការណែនាំផ្សេងៗ និងស្របតាមស្តង់ដាសហគមន៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍ បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលអំពីបដិសណ្ឋារកិច្ចភ្ញៀវ និងអាចជាមគ្គុទ្ទេសក៍សហគមន៍ផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា នេះជាយុទ្ធសាស្រ្តមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការបង្កើតការងារឱ្យពួកគាត់ធ្វើ ក្នុងវិស័យទេសចរណ៍សហគមន៍។ លោកបន្តថា មន្ទីរទេសចរណ៍នឹងបន្តជួយរៀបចំសហគមន៍ «បាគងភូមិខ្ញុំ» នេះ មានស្តង់ដារហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះច្រើន និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់។
លោក ពៅ ពិសិដ្ឋ បានសម្ដែងនូវការគាំទ្រ ចំពោះការបង្កើតសហគមន៍ទេសចរណ៍ «បាគងភូមិខ្ញុំ» នេះឡើង ព្រោះពិតជានឹងបានរួមចំណែកទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុកឱ្យមកទស្សនាខេត្តសៀមរាប និងជាការបង្កើតការងារជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពួកគាត់មានឱកាសរកប្រាក់ចំណូល ស្របតាមគោលការណ៍នៃរដ្ឋបាលខេត្ត ដែលបាននឹងកំពុងជំរុញដល់រដ្ឋបាលក្រុង/ស្រុក ឱ្យយកចិត្តទុកដាក់លើការបង្កើតឱ្យមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន។
នៅក្នុងឱកាសនោះផងដែរ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង បានទទួលអំណោយមួយចំនួនពីថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរផងដែរ៕
0 Reviews:
Post a Comment